រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលទៅដល់សូម៉ាលីឡែន ដើម្បីពង្រឹងទំនាក់ទំនងក្រោយការទទួលស្គាល់ (Video inside)

06-01-2026 21:03

(ហារហ្គៃសា)៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar នៅថ្ងៃអង្គារនេះ បានទៅបំពេញទស្សនកិច្ចនៅតំបន់បំបែកខ្លួនសូម៉ាលីឡែន (Somaliland) ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលបានទទួលស្គាល់តំបន់នេះជារដ្ឋឯករាជ្យជាផ្លូវការ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពមន្ត្រីជាន់ខ្ពស់បានឱ្យដឹងថា លោក Saar គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីសូម៉ាលីឡែន លោក អាបឌីរ៉ាម៉ាន់ ម៉ូហាម៉ាត់ អាបឌុលឡាហ៊ី ( Abdirahman Mohamed Abdullahi) ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែធ្នូ អ៊ីស្រាអែលបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់សូម៉ាលីឡែនជារដ្ឋអធិបតេយ្យ ដែលបង្កឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលសូម៉ាលី។ មេដឹកនាំសូម៉ាលីឡែនធ្លាប់បានប្រកាសថា ខ្លួននឹងចូលរួមក្នុងកិច្ចព្រមព្រៀង Abraham Accords ដែលជាកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល សម្របសម្រួលដោយសហរដ្ឋអាមេរិក។

សូម៉ាលីឡែន មានទីតាំងយុទ្ធសាស្ត្រនៅតាមបណ្តោយឈូងសមុទ្រ Aden ប៉ុន្តែមិនទាន់ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅឡើយទេ ក្រៅពីអ៊ីស្រាអែល៕