លោក ត្រាំ៖ វ៉េណេស៊ុយអេឡានឹងប្រគល់ប្រេងដល់ទៅ ៥០លានបារ៉ែលទៅឱ្យសហរដ្ឋអាមេរិក (Video inside)
07-01-2026 08:46
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី៦ ខែមករា បាននិយាយថារដ្ឋាភិបាលបណ្ដោះអាសន្នរបស់វ៉េណេស៊ុយអេឡានឹងប្រគល់ប្រេងដល់ទៅ ៥០លានបារ៉ែលទៅឱ្យសហរដ្ឋអាមេរិក ហើយការលក់ប្រេងទាំងនេះនឹងស្ថិតក្រោមការចាត់ចែងរបស់លោកដោយផ្ទាល់ ក្នុងនាមជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP។
លោក ត្រាំ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានគូសបញ្ជាក់ថា «អាជ្ញាធរបណ្ដោះអាសន្នក្នុងប្រទេសវ៉េណេស៊ុយអេឡានឹងប្រគល់ប្រេងមានគុណភាពខ្ពស់ដែលជាប់ទណ្ឌកម្ម ចន្លោះពី៣០ ទៅ៥០លានបារ៉ែល ទៅឱ្យសហរដ្ឋអាមេរិក»។ លោកបន្តថា «ប្រេងទាំងនោះនឹងត្រូវបានលក់តាមតម្លៃទីផ្សារ ហើយលុយដែលបានមកពីការលក់ប្រេងនេះនឹងស្ថិតក្រោមការចាត់ចែងរបស់លោកដោយផ្ទាល់ ក្នុងនាមជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដើម្បីធានាឱ្យបាននូវផលចំណេញសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក»។
ការប្រកាសបែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូចេញពីអំណាច និងចាប់ខ្លួនមេដឹកនាំរូបនេះចេញពីទីក្រុងការ៉ាកាស យកទៅកាត់ទោសនៅសហរដ្ឋអាមេរិកកាលពីចុងសប្ដាហ៍កន្លងទៅ៕






