សហរដ្ឋអាមេរិក គាំទ្រការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងប៉ារីស (Video inside)

07-01-2026 09:54

(ប៉ារីស)៖ សហរដ្ឋអាមេរិកជាលើកដំបូងបំផុត នៅថ្ងៃអង្គារ ទី៦ ខែមករា បានគាំទ្រការធានាសន្តិសុខសម្រាប់អ៊ុយក្រែននៅឯកិច្ចប្រជុំកំពូលមួយរៀបចំឡើងដោយសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន នៅក្នុងទីក្រុងប៉ារីស ក្នុងនោះរួមមានទាំងការចងភ្ជាប់ជាមួយការប្ដេជ្ញាចិត្តដើម្បីគាំទ្រអ៊ុយក្រែន ក្នុងករណីមានការវាយប្រហារជាថ្មីណាមួយពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ការសន្យាផ្ដល់ការធានាសន្តិសុខឱ្យអ៊ុយក្រែនធ្វើឡើងនៅឯកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងប៉ារីស រៀបចំដោយក្រុមចម្រុះនៃឆន្ទៈរបស់បណ្ដាប្រទេសអឺរ៉ុបដែលបានសន្យាផ្ដល់ការធានាសន្តិសុខ សម្រាប់ទីក្រុងកៀវ នៅក្នុងករណីមានបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវបានឈានដល់ជាមួយរុស្ស៉ី។ ខុសប្លែកពីកិច្ចប្រជុំមុនៗ កិច្ចប្រជុំកាលពីថ្ងៃអង្គារក៏មានការចូលរួម ផងដែរពីបេសកជនពិសេសអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែលជាកូនប្រសាររបស់លោក ដូណាល់ ត្រាំ។

លោក Witkoff ដែលទទួលបន្ទុកដឹកនាំកិច្ចចរចាជាមួយរុស្ស៉ី បាននិយាយនៅក្រោយកិច្ចប្រជុំថាលោក ត្រាំ គាំទ្រយ៉ាងរឹងមាំដល់ការធានាសន្តិសុខ។ «ពិធីសារសន្តិសុខមានគោលដៅ... ដើម្បីកំញើញទប់ស្កាត់ការវាយប្រហារណាមួយនៅពេលអនាគតក្នុងប្រទេសអ៊ុយក្រែន ហើយប្រសិនបើមានការវាយប្រហារណាមួយ នោះវានឹងតម្រូវឱ្យមានការពារ»។ នេះជាការលើកឡើង របស់លោក Witkoff នៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយមេដឹកនាំបារាំង អាល្លឺម៉ង់ អង់គ្លេស និងអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងនៅក្នុងការបង្ហោះសារមួយលើ Telegram ក្រោយកិច្ចប្រជុំនៅប៉ារីស ថាសន្យាធានាសន្តិសុខគឺជាការបញ្ជាឱ្យឃើញ ពីភាពប្រាកដប្រជារបស់អឺរ៉ុប និងក្រុមចម្រុះនៃឆន្ទៈទាំងមូលដែលត្រៀមខ្លួនដើម្បីធ្វើការស្វែងរកការធានាសន្តិសុខយ៉ាងពិតប្រាកដមួយ។ ប៉ុន្តែលោកបន្ថែមថាគេនៅត្រូវរង់ចាំមើលសិនថាតើ ការតាមដានការអនុវត្តបទឈប់បាញ់ណាមួយនឹងត្រូវធ្វើឡើងយ៉ាងដូចម្ដេច និងថាតើកងទ័ពអ៊ុយក្រែននឹងទទួលបានការគាំទ្រ និងជំនួយហិរញ្ញវត្ថុដោយរបៀបណា៕