លោក ត្រាំ និយាយថាលោកអាចនឹងត្រូវបានចោទប្រកាន់ដកតំណែង បើបក្សសាធារណរដ្ឋចាញ់ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ (Video inside)
07-01-2026 10:32
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានក្រុមអ្នកសារធារណរដ្ឋនៅក្នុងសភាតំណាងរាស្ត្រអាមេរិកថាប្រសិនបើគណបក្សសាធារណដ្ឋមិនអាចឈ្នះអាសនៈភាគច្រើន នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦នេះទេ នោះលោកអាចនឹងត្រូវបានគណបក្សប្រជាធិបតេយ្យចោទប្រកាន់ដើម្បីដកតំណែង ឬ impeachment។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់ក្រុមសមាជិកសភាតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ទី៦ ខែមករា លោក ត្រាំ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបន្តគ្រប់គ្រង សភាតំណាងរាស្ត្រជាទីដែលគណបក្សរបស់លោកកំពុងក្ដាប់សំឡេងភាគច្រើន។ «អ្នកទាំងអស់គ្នាត្រូវតែយកឈ្នះក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ពីព្រោះថាប្រសិនបើពួកមិនអាចឈ្នះ ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិទេ នោះពួកគេ (បក្សប្រជាធិបតេយ្យ) នឹងស្វែងរកហេតុផលដើម្បីចោទប្រកាន់ដើម្បីដកតំណែងខ្ញុំ។ ខ្ញុំនឹងត្រូវបានគេចោទប្រកាន់ដកតំណែង»។ នេះជាការកត់សម្គាល់របស់លោក ត្រាំ។
នៅក្រោមរដ្ឋធម្មនុញ្ញអាមេរិក សភាតំណាងរាស្ត្រមានសិទ្ធិអំណាចក្នុងការដំណើរការនីតិវិធីចោទប្រកាន់ដកតំណែង ឬ impeachment ប្រឆាំងប្រធានាធិបតី ឬក៏មន្ត្រីអាមេរិកដែលប្រព្រឹត្តកំហុស ដូចជាអំពើក្បត់ ស៊ីសំណូក ឬក៏បទល្មើសតូចធំផ្សេងទៀត ដែលគេហៅជាភាសាអង់គ្លេសថា «other high Crimes and Misdemeanors»។ ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ នឹងត្រូវកាត់ទោសក្នុងព្រឹទ្ធសភាអាមេរិកដែលជាអ្នកសម្រេចថាតើត្រូវដក ឬមិនដកតំណែងប្រធានាធិបតី ដែលធ្វើឡើងតាមរយៈការបោះឆ្នោតក្នុងសំឡេង២ភាគ៣។
លោក ត្រាំ ធ្លាប់ត្រូវបានសភាតំណាងរាស្ត្រអាមេរិកចោទប្រកាន់ដកតំណែង២លើក ក្នុងនោះមានម្ដងកាលពីឆ្នាំ២០១៩ ដោយរូបលោកត្រូវបានចោទប្រកាន់ពីបទរំលោភអំណាចជុំវិញការប្រើប្រាស់ ជំនួយរបស់សហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធឱ្យអ៊ុយក្រែនបើកការស៊ើបអង្កេតលើកូនប្រុសរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គឺលោក Hunter Biden។ ចំណែកឯលើកទី២ គឺនៅឆ្នាំ២០២០ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោកសម្រុកចូលអុកឡុកវិមានសភាអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំដដែលនោះ បន្ទាប់ពីចាញ់លោក បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក៕






