មាសតម្លៃជាង ៥ពាន់លានដុល្លារ ត្រូវបានដឹកជញ្ជូនចេញពីវ៉េណេស៊ុយអេឡា ទៅកាន់ស្វីស ពីឆ្នាំ២០១៣-២០១៦ (Video inside)

07-01-2026 11:21

(Zurich)៖ ទិន្នន័យគយបង្ហាញថា វ៉េណេស៊ុយអេឡា បានដឹកជញ្ជូនមាស ដែលមានតម្លៃប្រហែល ៥.២ពាន់លានដុល្លារ ទៅកាន់ប្រទេសស្វីស អំឡុងឆ្នាំមុនក្រោមការដឹកនាំនៃលោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ ២០២៦។

ទិន្នន័យដែល Reuters បញ្ជាក់ថា មាសទម្ងន់ ១១៣តោន ត្រូវបានប្រទេសអាមេរិកខាងត្បូងមួយនេះ បញ្ជូនទៅកាន់ប្រទេសស្វីសចាប់ពីឆ្នាំ ២០១៣ គឺនៅពេលដែលលោក Maduro ចូលកាន់តំណែង រហូតមកដល់ឆ្នាំ ២០១៦។

ទូរទស្សន៍ស្វីស SRF បានរាយការណ៍ថា មាសនេះ គឺមានប្រភពមកពីធនាគារកណ្តាលវ៉េណេស៊ុយអេឡា នៅពេលមួយដែលរដ្ឋាភិបាល បានយកទៅលក់ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៥ គ្មានការដឹកជញ្ជូនមាសចេញពីវ៉េណេស៊ុយអេឡាទៀតទេ ដោយសារតែទណ្ឌកម្មរបស់សហភាពអឺរ៉ុប ត្រូវបានដាក់ចេញ៕