វ៉េណេស៊ុយអេឡា នឹងកាន់ទុក្ខមួយសប្តាហ៍ចំពោះយោធាដែលស្លាប់ ក្នុងការវាយប្រហាររបស់អាមេរិក (Video inside)

07-01-2026 11:55

(ការ៉ាកាស)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខរយៈពេល ៧ថ្ងៃ ដើម្បីគោរពដល់សមាជិកនៃយោធាដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ដើម្បីចាប់ខ្លួនមេដឹកនាំលោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ ២០២៦។

តាមរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ​មន្ត្រី​វ៉េណេស៊ុយអេឡា​ខ្ទង់ ២០នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារនោះ។ រដ្ឋាភិបាលគុយបា បានឱ្យដឹងថា មន្ត្រីយោធា និងប៉ូលិសរបស់ខ្លួនចំនួន ៣២នាក់ ដែលធ្វើការនៅវ៉េណេស៊ុយអេឡា ក៏ត្រូវបានសម្លាប់ផងដែរ ហើយបានប្រកាសកាន់ទុក្ខរយៈពេល ២ថ្ងៃ។

គួរបញ្ជាក់ថា កងកម្លាំងអាមេរិក បានវាយប្រហារទីក្រុងការ៉ាកាស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន និងចាប់ខ្លួនលោក ម៉ាឌូរ៉ូ រួមទាំងភរិយា មកកាន់ទីក្រុងញូវយ៉ក។ លោក ម៉ាឌូរ៉ូ ត្រូវបានសហរដ្ឋអាមេរិក ចោទប្រកាន់ថាបានគ្រប់គ្រងបណ្តាញជួញដូរគ្រឿងញៀនកូកាអ៊ីន ដោយសហការជាមួយក្រុមឧក្រិដ្ឋជននៅម៉ិកស៊ិក និងកូឡុំប៊ី។ លោក ម៉ាឌូរ៉ូ និងភរិយា ត្រូវបន្តជាប់ឃុំនៅក្នុងពន្ធនាគារទីក្រុងញូវយ៉ក រហូតដល់មានសវនាការទី២ របស់លោកនៅថ្ងៃទី១៧ ខែមីនា ២០២៦៕