ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើឱ្យលោក ស៉ី ជីនពីង ដើរតួនាទីសម្របសម្រួល ក្នុងកិច្ចប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ដើម្បីធ្វើការទាក់ទងឡើងវិញ ជាមួយកូរ៉េខាងជើង (Video inside)
07-01-2026 13:28
(សៀងហៃ)៖ នាថ្ងៃពុធ ទី៧ ខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា វឌ្ឍនភាពមួយចំនួនធំ ត្រូវសម្រេចបានក្នុងការស្តារការជឿទុកចិត្ត ជាមួយទីក្រុងប៉េកាំង ហើយរូបលោកបានស្នើឱ្យប្រធានាធិបតីចិន លោក ស៉ី ជីនពីង ជួយដើរតួនាទីក្នុងការសម្របសម្រួលកិច្ចប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ដើម្បីធ្វើការទាក់ទងឡើងវិញ ជាមួយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Lee ដែលបានបើកកិច្ចពិភាក្សាជាមួយលោក ស៉ី ក្នុងសប្តាហ៍នេះ បាននិយាយថា លោកប្រធានាធិបតីចិន បានកត់សម្គាល់ថា ភាពអត់ធ្មត់គឺចាំបាច់ នៅពេលអ្នកទាំងពីរ បានពិភាក្សាអំពីកូរ៉េខាងជើង។ លោកប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា រូបលោកបានរៀបរាប់នូវកិច្ចប្រឹងប្រែង ដែលទីក្រុងសេអ៊ូលបានធ្វើឡើង ដើម្បីព្យាយាមឱ្យមាន កិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង ហើយធ្វើឱ្យទំនាក់ទំនងប្រសើរឡើង ប៉ុន្តែមកទល់ពេលនេះ មិនទាន់ទទួលបានជោគជ័យនៅឡើយទេ ដូច្នេះលោកបានទទូចឱ្យលោក ស៉ី ដើរតួនាទីដើម្បីជួយសម្របសម្រួលសន្តិភាព នៅឧបទ្វីបកូរ៉េ។
លោក Lee បានលើកឡើងថា លោកប្រធានាធិបតី ស៉ី បានទទួលស្គាល់កិច្ចប្រឹងប្រែងរបស់កូរ៉េខាងត្បូង ប៉ុន្តែបាននិយាយថា ត្រូវការការអត់ធ្មត់។ នៅពេលនិយាយអំពីការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសនិងប្រទេស លោក Lee បានបន្តថា លោកប្រធានាធិបតី ស៉ី បានលើកឡើងថា ការនិយាយគឺជារឿងងាយស្រួល ប៉ុន្តែសកម្មភាពជាក់ស្តែង គឺមិនសូវជាងាយស្រួលប៉ុន្មានទេ។
គួរបញ្ជាក់ថា លោក Lee បានបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសចិន ហើយជំនួបរបស់លោក ជាមួយលោក ស៉ី ជីនពីង គឺជាជំនួបលើកទី២ រវាងមេដឹកនាំទាំងពីរ ក្នុងរយៈពេលតិចជាង៣ខែ៕




