តៃវ៉ាន់ថាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ចិនកន្លងទៅ មានគោលដៅទប់ស្កាត់ការគាំទ្ររបស់អន្តរជាតិ ចំពោះដែនកោះនេះ (Video inside)

07-01-2026 13:53

(តៃប៉ិ)៖ ទីភ្នាក់ងារសន្តិសុខកំពូលរបស់តៃវ៉ាន់ នាថ្ងៃពុធ ទី៧ ខែមករា បាននិយាយថា ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន គឺជាផ្នែកមួយនៃយុទ្ធនាការដើម្បីទប់ស្កាត់ការគាំទ្ររបស់​អន្តរជាតិ សម្រាប់ដែនកោះនេះ ហើយជាការប៉ុនប៉ងមួយដើម្បីបង្វែរចំណាប់អារម្មណ៍ ចេញពីបញ្ហាសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អំឡុងសមយុទ្ធយោធាហៅថា Justice Mission 2025 ចិនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ឆ្ពោះមកកាន់តៃវ៉ាន់ ហើយដាក់ពង្រាយ​នាវាយោធានិងយន្តហោះយោធា ក្នុងចំនួនយ៉ាងច្រើនលើសលប់ មកក្បែរកោះតៃវ៉ាន់។ ការធ្វើសមយុទ្ធនោះ បានបង្ខំឱ្យជើងហោះហើរ​ក្នុងស្រុកជាច្រើននៅតៃវ៉ាន់ ត្រូវបានលុបចោល ហើយបង្កការបង្ហាញក្តីបារម្ភពីសំណាក់សម្ព័ន្ធមិត្តក្នុងតំបន់ និងក្រុមលោកខាងលិច។

ក្នុងរបាយការណ៍ផ្ញើទៅកាន់សភា ទីភ្នាក់ងារសន្តិសុខជាតិតៃវ៉ាន់ បាននិយាយថា សមយុទ្ធយោធារបស់ចិន មានបង្កប់យ៉ាងច្បាស់នូវចេតនានយោបាយ នោះគឺប្រឆាំងទប់ទល់សំឡេងគាំទ្រនៅលើឆាកអន្តរជាតិសម្រាប់តៃវ៉ាន់ និងបង្វែរការមិនពេញចិត្តជុំវិញបញ្ហាសេដ្ឋកិច្ច និងអសណ្តាប់ធ្នាប់សង្គម នៅក្នុងប្រទេសចិនផ្ទាល់ ឱ្យទៅជាស្មារតីជាតិនិយម ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ។

របាយការណ៍បានលើកឡើងថា ចិនបាននិងកំពុងបង្កើនយុទ្ធនាការលក្ខណៈកូនកាត់ ដើម្បីដាក់សម្ពាធលើតៃវ៉ាន់ គឺទាំងតាមរយៈ​យោធានិងសេដ្ឋកិច្ច ហើយនាំឱ្យមានការជំទាស់ពីសំណាក់បណ្តាដៃគូប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប។ របាយការណ៍ដដែល ក៏បាននិយាយអំពីការអត្ថាធិប្បាយរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី ​Sanae Takaichi កាលពីឆ្នាំមុន​ផងដែរ ដែលលោកស្រីបានលើកឡើងថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់ អាចត្រូវចាត់ទុកជាគំរាមកំហែងចំពោះអាយុជីវិតរបស់​ប្រទេសជប៉ុន។ របាយការណ៍របស់តៃវ៉ាន់ បានកត់សម្គាល់ថា ការអត្ថាធិប្បាយនោះបានសង្កត់ធ្ងន់ អំពីការដែលសន្តិសុខនៅ​ច្រកសមុទ្រតៃវ៉ាន់ ត្រូវបានមើលឃើញថា មានការជាប់ទាក់ទងដោយផ្ទាល់ទៅនឹងស្ថិរភាព ក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក និងសណ្តាប់ធ្នាប់អន្តរជាតិ៕