ប៉េកាំង ហាមប្រាមរដ្ឋមន្រ្តីតៃវ៉ាន់ពីរនាក់ ពីការចូលក្នុងប្រទេសចិន (Video inside)
07-01-2026 14:25
(ប៉េកាំង)៖ ទីក្រុងប៉េកាំង បានហាមមន្ត្រីតៃវ៉ាន់ពីរនាក់ មិនឱ្យចូលក្នុងប្រទេសចិន ដោយចោទប្រកាន់ពួកគេ ថាបានធ្វើសកម្មភាពទាក់ទងនឹងចលនាបំបែកខ្លួនតៃវ៉ាន់ ដែលបង្កការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ទីក្រុងតៃប៉ិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ ២០២៦។
ប៉េកាំង ពណ៌នារដ្ឋមន្ត្រីមហាផ្ទៃរបស់កោះតៃវ៉ាន់ លោកស្រី Liu Shyh-fang និងរដ្ឋមន្ត្រីអប់រំ លោក Cheng Ying-yao ថាជា «អ្នកផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់» ហើយបានហាមអ្នកទាំងពីរ រួមទាំងសាច់ញាតិរបស់ពួកគេ មិនឱ្យចូលប្រទេសចិន និងទៅកាន់ទីក្រុងហុងកុង និងម៉ាកាវ។ ជាការឆ្លើយតប ទីក្រុងតៃប៉ិនិយាយថា ខ្លួននឹងមិនចុះញ៉មចំពោះការគំរាមកំហែង និងបំភិតបំភ័យនេះឡើយ។
អ្នកនាំពាក្យការិយាល័យតំណាងកិច្ចការតៃវ៉ាន់នៃរដ្ឋចិន លោក Chen Binhua បានឱ្យដឹងថា មកដល់ពេលនេះ ចិន បានចុះបញ្ជីមនុស្ស ១៤នាក់ជាអ្នកបំបែកខ្លួន។ ក្នុងនោះក៏រួមមាន មេដឹកនាំរងតៃវ៉ាន់ លោកស្រី Hsiao Bi-khim ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ លោក Joseph Wu និងរដ្ឋមន្ត្រីការពារជាតិ លោក Wellington Koo៕







