ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា អះអាងការនាំចូលប្រេងរុស្ស៉ី នឹងធ្លាក់ចុះ ចំពោះមុខសម្ពាធពីអាមេរិក (Video inside)

07-01-2026 15:05

(ញូវដេលី)៖ ក្រុមហ៊ុនចម្រាញ់ប្រេងឯកជន Reliance Industries របស់ឥណ្ឌា បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍ ទី៧ ខែមករាថា ខ្លួនមិនរំពឹងថានឹងមានការដឹកជញ្ជូនប្រេងរុស្ស៉ីទេ នៅក្នុងខែមករានេះ ហើយក៏គ្មានការទទួលបានទំនិញបែបនេះដែរ ក្នុងរយៈពេល ៣សប្តាហ៍កន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Reliance ដែលធ្លាប់ជាម៉ូយធំទិញប្រេងពីក្រុមហ៊ុនប្រេងរុស្ស៉ី បានច្រានចោលរបាយការណ៍កាសែត Bloomberg ដែលយោងប្រភពពីទិន្នន័យ Kpler ថាមាននាវា ៣គ្រឿងដឹកប្រេងរុស្ស៉ី កំពុងធ្វើដំណើរទៅកាន់រោងចក្រចម្រាញ់ Jamnagar របស់ខ្លួន។

ដោយឡែក បើតាមការស្នើរបស់អាជ្ញាធរឥណ្ឌា ឱ្យក្រុមហ៊ុនចម្រាញ់ប្រេង បញ្ចេញព័ត៌មានប្រចាំសប្តាហ៍ ទាក់ទងនឹងការទិញប្រេងពីរុស្ស៉ី និងអាមេរិក ក្រុមហ៊ុនបានឱ្យដឹងថា ការនាំចូលប្រេងឆៅរុស្ស៉ី អាចនឹងធ្លាក់ចុះក្រោម ១លានបារ៉ែលក្នុងមួយថ្ងៃ ខណៈទីក្រុងញូវដែលី កំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៉ីនតោន។

គួរបញ្ជាក់ថា ឥណ្ឌា ក្លាយជាអ្នកទិញធំជាងគេសម្រាប់ប្រេងឆៅរុស្ស៉ី ចាប់តាំងពីផ្ទុះសង្រ្គាមអ៊ុយក្រែន ក្នុងឆ្នាំ ២០២២។ ការទិញនេះបានជំរុញឱ្យមានប្រតិកម្ម ពីបណ្តាប្រទេសលោកខាងលិច ដែលកំណត់គោលដៅលើវិស័យថាមពលរុស្ស៉ី ដោយទណ្ឌកម្ម៕