ប្រទេសចំនួន៤ទៀត កូឡុំប៊ី អ៉ីរ៉ង់ គុយបា មិកស៊ិក រួមទាំងដែនកោះស្វយ័តរបស់ដាណឺម៉ាក ដែលត្រូវបានលោក ដូណាល់ ត្រាំ គំរាមកំហែង ក្រោយការវាយប្រហារចាប់ខ្លួនប្រធានាធិបតី វ៉េណេស៊ុយអេឡា ! (Video inside)
07-01-2026 15:22
(វ៉ាស៉ីនតោន)៖ អាណត្តិទី២នេះ នៃការកាន់អំណាចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងត្រូវបានកំណត់និយមន័យ ដោយមហិច្ឆតាគោលនយោបាយការបរទេស របស់លោក។
លោក ត្រាំ បានប្រែក្លាយចេញជាការពិត នូវការព្រមានរបស់លោកប្រឆាំងវ៉េណេស៊ុយអេឡា តាមរយៈការចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា ពីទីក្រុងការ៉ាកាស អំឡុងប្រតិបត្តិការវាយប្រហារយោធាដ៏ភ្ញាក់ផ្អើលមួយ ទាំងកណ្តាលយប់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។
មិនតែប៉ុណ្ណោះ លោក ត្រាំ មិនបានបញ្ឈប់ត្រឹមនេះឡើយ ដោយរូបលោកបានបន្តធ្វើការគំរាមកំហែង ប្រឆាំងប្រទេសមួយចំនួនទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ។ ប្រទេសទាំងនោះ រួមមានដូចជា៖
កូឡុំប៊ី៖ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រតិបត្តិការយោធានៅវ៉េណេស៊ុយអេឡា លោក ត្រាំ បានព្រមានប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ថាឱ្យប្រុងប្រយ័ត្នខ្លួន។ កាលពីថ្ងៃអាទិត្យ ទី៤ ខែមករា លោក ត្រាំ បានលើកឡើងដោយចង់សំដៅលើ លោក Petro យ៉ាងដូច្នេះថា «កូឡុំប៊ីក៏កំពុងមានបញ្ហាយ៉ាងធ្ងន់ធ្ងរដែរ ហើយគ្រប់គ្រងដោយ បុរសដ៏អសមត្ថភាពម្នាក់ ដែលចូលចិត្តផលិតគ្រឿងញៀនកូកាអ៉ីន ហើយលក់ពួកវាមកកាន់សហរដ្ឋអាមេរិក ប៉ុន្តែជននោះនឹងមិនមានឱកាស នៅបន្តធ្វើវាបានយូរអង្វែងទៀតឡើយ» ហើយនៅពេលត្រូវបានសាកសួរត្រង់ៗ ថាតើសហរដ្ឋអាមេរិក នឹងធ្វើប្រតិបត្តិការយោធាប្រឆាំងកូឡុំប៊ីដែរឬទេ លោក ត្រាំ បានឆ្លើយតបថា «វាស្តាប់មើលទៅ គឺល្អសម្រាប់ខ្ញុំ»។
អ៉ីរ៉ង់៖ កាលពីថ្ងៃអាទិត្យដដែល លោក ត្រាំ ក៏បានព្រមានផងដែរចំពោះប្រទេសអ៉ីរ៉ង់ថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ នឹងត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតពីសហរដ្ឋអាមេរិក ប្រសិនបើបាតុករស្លាប់កាន់តែច្រើន ខណៈសាធារណរដ្ឋអ៉ីស្លាមមួយនេះ បាននិងកំពុងប្រឈមការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយសារតែបញ្ហាសេដ្ឋកិច្ច។ អាមេរិកធ្លាប់បានចូលរួមជាមួយអ៉ីស្រាអែល ក្នុងសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ ប្រឆាំងអ៉ីរ៉ង់ កាលពីខែមិថុនា ឆ្នាំ២០២៥។
ម៉ិកស៉ិក៖ លោក ត្រាំ កាលពីថ្ងៃអាទិត្យ ទី៤ ខែមករា បានអះអាងថា គ្រឿងញៀនកំពុងតែហូរចូលមកខ្លាំងតាមប្រទេសម៉ិកស៉ិក ដូច្នេះហើយ សហរដ្ឋអាមេរិកនឹងចាំបាច់ត្រូវតែធ្វើរឿងអ្វីមួយ ព្រោះក្រុមឧក្រិដ្ឋគ្រឿងញៀននៅទីនោះ មានឥទ្ធិពលខ្លាំងណាស់ ហើយហាក់ដូចជាកំពុងតែគ្រប់គ្រងម៉ិកស៉ិក។
គុយបា៖ ក្នុងថ្ងៃអាទិត្យដដែលនោះ លោក ត្រាំ បានលើកឡើងថា ការធ្វើអន្តរាគមន៍យោធារបស់អាមេរិកនៅគុយបា សឹងតែមិនចាំបាច់ទេ ព្រោះប្រទេសនេះអាចដួលរលំជានិច្ច។ លោក ត្រាំ បាននិយាយថា លោកមិនច្បាស់ទេថា របបដឹកនាំនៅគុយបា នឹងបន្តតស៊ូបានយូរប៉ុនណា ព្រោះគុយបាឥឡូវមិនមានចំណូលទៀតទេ ដោយសារចំណូលទាំងអស់របស់ពួកគេ បានមកពីវ៉េណេស៊ុយអេឡា ពីប្រេងវ៉េណេស៊ុយអេឡា។ រីឯរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ថែមទាំងបាននិយាយថា រដ្ឋាភិបាលនៅគុយបា គួរតែចាប់ផ្តើមព្រួយបារម្ភឱ្យហើយទៅ ព្រោះនៅពេលលោកប្រធានាធិបតីនិយាយ គឺមិនគួរចាត់ទុកថា គាត់និយាយលេងសើចឡើយ។
ហ្គ្រីនឡែន៖ លោក ត្រាំ មើលឃើញការយកកោះហ្រ្គីនឡែន ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ឱ្យបានជាដាច់ខាត គឺជាអាទិភាពសន្តិសុខជាតិចម្បងបំផុតមួយ ហើយសេតវិមាន កាលពីថ្ងៃអង្គារ ទី៦ ខែមករា បាននិយាយថា លោកកំពុងពិភាក្សាលើវិធីសាស្រ្ត ដើម្បីកាន់កាប់កោះនេះ ក្នុងនោះមានទាំងជម្រើសប្រើយោធា៕




