ប្រមុខកងទ័ពអ៉ីរ៉ង់ ព្រមានឆ្លើយតបចំពោះការគំរាមកំហែងរបស់លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ (Video inside)
07-01-2026 15:43
(តេហេរ៉ង់)៖ នាថ្ងៃពុធនេះ ប្រមុខយោធានៃប្រទេសអ៉ីរ៉ង់ បានចេញមុខព្រមានថា អ៉ីរ៉ង់នឹងមិននៅឈរស្ងៀម ហើយបណ្តោយឱ្យខ្លួន រងការគំរាមកំហែងពីប្រទេសដទៃទៀតឡើយ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានបង្ហាញការគាំទ្រចំពោះចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០២៦។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា អគ្គមេបញ្ជាការកងទ័ពអ៉ីរ៉ង់ លោកឧត្តមសេនីយ៍ Amir Hatami បានលើកឡើងថា ប្រទេសអ៉ីរ៉ង់ចាត់ទុកបង្កើនពាក្យសម្តីពោរពេញដោយអរិភាព ប្រឆាំងមកលើប្រជាជាតិអ៉ីរ៉ង់ គឺជាការគំរាមកំហែងមួយ ដែលនឹងមិនអាចអត់ឱនឱ្យបន្តទៅទៀត ដោយគ្មានការឆ្លើយតបឡើយ។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមធ្វើអន្តរាគមន៍នៅប្រទេសអ៉ីរ៉ង់ ប្រសិនបើបាតុករកាន់តែច្រើនត្រូវបានសម្លាប់ ខណៈនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបង្ហាញសំឡេងគាំទ្រចំពោះការធ្វើបាតុកម្ម។ អាមេរិកនិងអ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច បានរួមគ្នាវាយប្រហារលើអ៉ីរ៉ង់ ក្នុងសង្រ្គាមផ្លូវអាកាស កាលពីខែមិថុនា ឆ្នាំ២០២៥ ផ្តោតជាពិសេសចំពោះទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែរ៕







