មេទ័ពអាកាសប៉ាគីស្ថាន និងបង់ក្លាដែស ពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង (Video inside)

07-01-2026 16:07

(អ៉ីស្លាម៉ាបាដ)៖ យោធាប៉ាគីស្ថាន បាននិយាយថា មេទ័ពអាកាសប៉ាគីស្ថាន និងបង់ក្លាដែស កំពុងពិភាក្សាអំពីលទ្ធភាពនៃការព្រមព្រៀងគ្នាមួយ ដើម្បីលក់យន្តហោះចម្បាំងទៅឱ្យទីក្រុងដាក្កា ខណៈដែលទីក្រុងអ៉ីស្លាម៉ាបាដ មានមហិច្ឆិតាពង្រីកការផ្គត់ផ្គង់អាវុធ និងបង្កើនទំនាក់ទំនងជាមួយបង់ក្លាដែស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ ២០២៦។

ប្រមុខនៃកងទ័ពអាកាសប៉ាគីស្ថាន លោក Marshal Zaheer Ahmed Baber Sidhu និងសមភាគីបង់ក្លាដែស លោក Hasan Mahmood Khan បានពិភាក្សាលម្អិតលើការទិញ JF-17 Thunder ដែលជាយន្តហោះចម្បាំងពហុតួនាទី និងផលិតរួមគ្នាជាមួយប្រទេសចិន។ ប៉ាគីស្ថាន ក៏បានធានាដល់បង់ក្លាដែស អំពីការចែកចាយឱ្យបានលឿន នូវយន្តហោះ Super Mushshak សម្រាប់ហ្វឹកហ្វឺន រួមជាមួយការបណ្តុះបណ្តាលពេញលេញ និងផ្តល់ប្រព័ន្ធអេកូឡូស៉ី រយៈពេលវែងផងដែរ។

គួរបញ្ជាក់ថា ការពិភាក្សាក្នុងទីក្រុងអ៉ីស្លាម៉ាបាដ កើតមានឡើងនៅពេលដែលប៉ាគីស្ថាន សម្លឹងរកការទាញយកប្រយោជន៍ អំពីភាពជោគជ័យនៃកម្លាំងទ័ពអាកាសរបស់ខ្លួន ក្នុងជម្លោះជាមួយឥណ្ឌា កាលពីខែឧសភា ឆ្នាំ ២០២៥៕