ប្រកាសតែងតាំងលោក ចន វៃ ជាអភិបាលក្រុងព្រៃវែង ជំនួសលោក ម៉ននី បណ្ឌិត ដែលត្រូវបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារថ្មី

07-01-2026 16:20

(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសតែងតាំង លោក ចន វៃ ជាអភិបាលក្រុងព្រៃវែងថ្មី ជំនួសលោក ម៉ននី បណ្ឌិត ដែលត្រូវបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារថ្មី។

ពិធីប្រកាសនេះ បានប្រព្រឹត្តទៅនៅសាលាក្រុងព្រៃវែង ដោយមានការចូលរួមពីលោកសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធធនាគាខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មន្រ្តីសាលាខេត្ត ព្រមទាំងលោក លោកស្រី ប្រធានការិយាល័យជុំវិញរដ្ឋបាលក្រុង និងមន្ត្រីរាជការជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាក្រុងព្រៃវែង ជាពិសេសលោក ម៉ននី បណ្ឌិត អតីតអភិបាលក្រុងព្រៃវែង ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឆន្ទះមនសិការបម្រើឧត្តមប្រយោជន៍ប្រជាជន ក្នុងមូលដ្ឋានក្រុងព្រៃវែង ក្នុងរយៈពេល២អាណត្តិកន្លងមក។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ក្នុងក្រុងព្រៃវែង បានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍ រីកចម្រើនប្រកបដោយ ចីរភាព សមធម៌ និងបរិយាប័ន្ន។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានចូលរួមអបអរសាទរចំពោះលោក ចន វៃ ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលក្រុងព្រៃវែង ជំនួស លោក ម៉ននី បណ្ឌិត ដែលត្រូវបានផ្លាស់ប្តូទៅបំពេញការងារកន្លែងថ្មី។

លោកបានបន្តថា ការប្រកាសតែងតាំងអភិបាលក្រុងព្រៃវែង នាឱកាសនេះគឺជាការបំពេញរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងការទទួលខុសត្រូវ ដែលជាភារកិច្ចដឹកនាំបន្តដើម្បីឆ្លើយតបនឹងការងារជាសេនាធិការរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់លោកអភិបាលក្រុងព្រៃវែង ដែលទើបនឹងទទួលមុខតំណែងថ្មីនេះ ត្រូវយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនតាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានក្រុងព្រៃវែង ឱ្យកាន់តែរីកចម្រើន និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេស ត្រូវបង្កើន សាមគ្គីភាព ឯកភាពផ្ទៃក្នុង ទំនាក់ទំនង និងកិច្ចសហការល្អ ដើម្បីបន្តនិរន្តរ៍ភាពដឹកនាំការងាររដ្ឋបាលក្រុងព្រៃវែងបន្តទៀត។

បន្ថែមលើសពីនេះ ត្រូវចុះពិនិត្យមើលការងារនៅមូលដ្ឋាន នៅតាមបណ្តាសង្កាត់ ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានញឹកញាប់ និងពិនិត្យលើការបម្រើសេវាសាធារណៈនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ទាន់ពេលវេលា មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕