ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើគំរាមកំហែងដោយឯកតោភាគីនិងខុសច្បាប់ របស់សហរដ្ឋអាមេរិកចំពោះវ៉េណេស៊ុយអេឡា
07-01-2026 16:32
(ប៉េកាំង)៖ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ លោក Sun Lei ភារធារីស្តីទីនៃគណៈប្រតិភូចិន ប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងកិច្ចប្រជុំបើកចំហជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិស្តីពីស្ថានការណ៍វ៉េណេស៊ុយអេឡាថា ប្រទេសចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ ទង្វើគំរាមកំហែងដោយឯកតោភាគី និងខុសច្បាប់របស់សហរដ្ឋអាមេរិក ហើយថ្កោលទោសយ៉ាងខ្លាំងក្លា។
លោក Sun Lei បានថ្លែងថា ប្រទេសវ៉េណេស៊ុយអេឡាគឺជារដ្ឋអធិបតេយ្យនិងឯករាជ្យ ហើយមានសិទ្ធិពេញលេញ ក្នុងការការពារអធិបតេយ្យភាពនិងសេចក្តីថ្លៃថ្នូរ នៃប្រជាជាជាតិរបស់ខ្លួន។ ប្រទេសអាមេរិកឡាទីននិងតំបន់ការាបៀន គឺជាកម្លាំងសំខាន់មួយសម្រាប់គាំពារសន្តិភាព និងស្ថិរភាពសកលនិងជំរុញការអភិវឌ្ឍ និងភាពរុងរឿងនៃសកលលោក ដូច្នេះមានសិទ្ធិពេញលេញក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ និងដៃគូសហប្រតិបត្តិការដោយម្ចាស់ការ ។ គ្មានប្រទេសណាមួយ អាចដើរតួជាប៉ូលិសអន្តរជាតិនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចតាំងខ្លួនជាចៅក្រមអន្តរជាតិនោះដែរ។
ភាគីចិនគាំទ្រយ៉ាងមុតមាំ ចំពោះរដ្ឋាភិបាលនិងប្រជាជនវ៉េណេស៊ុយអេឡា ក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ខ្លួន ព្រមទាំងគាំទ្រយ៉ាងមុតមាំចំពោះប្រទេសក្នុងតំបន់ ឱ្យគាំពារឋានៈជាតំបន់សន្តិភាពនៃអាមេរិកឡាទីននិងការាបៀន។
ប្រទេសចិនទាមទារឱ្យភាគីអាមេរិកកែតម្រូវកំហុសជាបន្ទាន់ បញ្ឈប់ទង្វើសម្លុតកំហែង ព្រមទាំងអភិវឌ្ឍទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសក្នុងតំបន់ដោយឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក រាប់អានគ្នាប្រកបដោយសមភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទៅវិញទៅមក ។ ប្រទេសចិនរីករាយធ្វើការជាមួយ ប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិ ដើម្បីបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ប្រកាន់ខ្ជាប់នូវសមភាពនិងយុត្តិធម៌ សំដៅរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាព នៅតំបន់អាមេរិកឡាទីននិងការាបៀន៕
វិទ្យុមិត្តភាពកម្ពុជាចិន




