រុស្ស៊ី បញ្ជូននាវាមុជទឹកទៅការពារកប៉ាល់ដឹកប្រេងដែលអាមេរិកព្យាយាមរឹបអូសនៅវេណេស៊ុយអេឡា (Video inside)

07-01-2026 18:58

(វ៉ាស៊ីនតោន)៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា រុស្ស៊ីបានដាក់ពង្រាយនាវាមុជទឹក និងនាវាកងទ័ពជើងទឹកផ្សេងទៀត ដើម្បីអមដំណើរការពារកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលកំពុងព្យាយាមគេចពីការហ៊ុមព័ទ្ធរបស់សហរដ្ឋអាមេរិកនៅជិតវេណេស៊ុយអេឡា។

កប៉ាល់នេះដែលប្តូរឈ្មោះទៅជា Marinera និងចុះបញ្ជីជារបស់រុស្ស៊ី បានព្យាយាមគេចខ្លួនចាប់តាំងពីឆ្មាំសមុទ្រអាមេរិកព្យាយាមឡើងត្រួតពិនិត្យ និងរឹបអូសកាលពីខែធ្នូ។ របាយការណ៍បានឱ្យដឹងថា បច្ចុប្បន្នកប៉ាល់នេះកំពុងធ្វើដំណើរនៅមហាសមុទ្រអាត្លង់ទិកខាងកើត ឆ្ពោះទៅសមុទ្រខាងជើង ដោយមានឆ្មាំសមុទ្រអាមេរិកតាមដានពីក្រោយ។

រុស្ស៊ីបានស្នើឱ្យអាមេរិកបញ្ឈប់ការតាមដានកប៉ាល់នេះ ខណៈក្រសួងការបរទេសរុស្ស៊ីកំពុងឃ្លាំមើលស្ថានការណ៍ «ដោយក្តីបារម្ភ»។ ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការចម្រាញ់ និងលក់ប្រេងវេណេស៊ុយអេឡារហូតដល់ ៥០លានបារ៉ែល ដែលជាប់គាំងដោយសារការហ៊ុមព័ទ្ធ។ នេះជាសញ្ញាបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលថ្មីនៅវេណេស៊ុយអេឡា ក្រោយការចាប់ខ្លួនលោក ម៉ាឌូរ៉ូ៕