រោងចក្រចម្រាញ់ប្រេងចិន ងាកទៅរកប្រេងអ៊ីរ៉ង់ដើម្បីជំនួសប្រេងវេណេស៊ុយអេឡាដែលជាប់គាំង (Video inside)
07-01-2026 19:52
(ប៉េកាំង)៖ រោងចក្រចម្រាញ់ប្រេងឯករាជ្យរបស់ចិន ត្រូវបានគេរំពឹងថានឹងងាកទៅរកប្រេងឆៅធុនធ្ងន់ពីប្រភពផ្សេងៗ រួមទាំងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីជំនួសការនាំចូលពីវេណេស៊ុយអេឡាដែលត្រូវបានផ្អាក ចាប់តាំងពីសហរដ្ឋអាមេរិកបានទម្លាក់ប្រធានាធិបតីប្រទេសនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងនាំចេញប្រេងវេណេស៊ុយអេឡាដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក ដែលអ្នកវិភាគមើលឃើញថា នឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងតម្លៃថោកសម្រាប់ចិន។
អ្នកវិភាគមកពី Sparta Commodities បានលើកឡើងថា «រឿងរ៉ាវនៅវេណេស៊ុយអេឡា ប៉ះពាល់ដល់រោងចក្រចម្រាញ់ប្រេងឯករាជ្យ (Teapots) របស់ចិនខ្លាំងបំផុត...ទោះយ៉ាងណា ដោយសារមានការផ្គត់ផ្គង់ច្រើនពីរុស្ស៊ី និងអ៊ីរ៉ង់ យើងមិនរំពឹងថាពួកគេចាំបាច់ត្រូវដេញថ្លៃទិញប្រេងដែលមិនជាប់ទណ្ឌកម្មនោះទេ»។
ទិន្នន័យបានបង្ហាញថា ចិនបាននាំចូលប្រេងវេណេស៊ុយអេឡាប្រហែល ៣៨៩,០០០បារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៥ ដែលស្មើនឹង ៤%នៃការនាំចូលប្រេងសរុបរបស់ខ្លួន។ ទោះជាយ៉ាងណា ការដឹកជញ្ជូនពីកំពង់ផែសំខាន់ៗរបស់វេណេស៊ុយអេឡាទៅកាន់អាស៊ី បានបញ្ឈប់ទាំងស្រុងចាប់តាំងពីថ្ងៃទី១ ខែមករា៕






