ប្រធានតុលាការអ៊ីរ៉ង់ព្រមានថា «គ្មានការលើកលែង» ចំពោះក្រុមបាតុករដែលជួយសត្រូវ (Video inside)
07-01-2026 22:14
(តេហេរ៉ង់)៖ ប្រធានតុលាការកំពូលអ៊ីរ៉ង់ លោក ហ្គោឡាមហូសេន ម៉ូសេនី អេជេអ៊ី (Gholamhossein Mohseni Ejei) បានព្រមានយ៉ាងម៉ឺងម៉ាត់នៅថ្ងៃពុធនេះថា នឹងមិនមានការលើកលែង ឬអនុគ្រោះឡើយចំពោះអ្នកតវ៉ាណាដែល «ជួយសត្រូវប្រឆាំងនឹងសាធារណរដ្ឋឥស្លាម»។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
លោក អេជេអ៊ី បានចោទប្រកាន់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកថាបានប្រើប្រាស់វិធីសាស្ត្រកូនកាត់ដើម្បីបង្កអស្ថិរភាពនៅក្នុងប្រទេស។ លោកបានបញ្ជាក់ថា៖ «ចាប់ពីពេលនេះតទៅ នឹងមិនមានការលើកលែងចំពោះអ្នកដែលជួយសត្រូវ...មិនមានលេសសម្រាប់អ្នកដែលចេញមកតាមផ្លូវដើម្បីបង្កកុបកម្មឡើយ»។
ការព្រមាននេះធ្វើឡើងខណៈដែលការតវ៉ាប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច និងការធ្លាក់ចុះនៃរូបិយប័ណ្ណបានរីករាលដាលទូទាំងប្រទេស។ យោងតាមក្រុមសិទ្ធិមនុស្ស មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់ និងជាង ១,៥០០នាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ១០ថ្ងៃដំបូងនៃការតវ៉ា។
គួរបញ្ជាក់ថា នេះគឺជាបាតុកម្មធំបំផុតក្នុងរយៈពេលបីឆ្នាំចុងក្រោយ ហើយវាកើតឡើងចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថានឹងជួយដល់ក្រុមអ្នកតវ៉ា ប្រសិនបើកងកម្លាំងសន្តិសុខបាញ់ប្រហារលើពួកគេ៕




