តម្លៃប្រេងហក់ឡើងវិញបន្តិច ប៉ុន្តែអ្នកវិភាគថាមិនចោទជាបញ្ហា (Video inside)

08-01-2026 11:45

(តូក្យូ)៖ នាថ្ងៃព្រហស្បតិ៍ ទី៨ ខែមករានេះ តម្លៃប្រេងបានកើនឡើងបន្តិច បន្ទាប់ពីធ្លាក់ចុះរយៈពេលពីរថ្ងៃ ខណៈបំណងស្តុកទុកប្រេងឆៅក្នុងកម្រិតច្រើនជាងការរំពឹងទុក ដោយសហរដ្ឋអាមេរិក ជំរុញឱ្យវិនិយោគិនធ្វើកុងត្រាទិញថែម នៅពេលដែលពួកគេកំពុងតាមដានការវិវត្ត ក្នុងប្រទេសវ៉េណេស៊ុយអេឡា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅ Brent​ បានឡើងថ្លៃ ៣៨សេន គឺ ៦០.៣៤ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅ West Texas Intermediate បានឡើងថ្លៃ ៣៧សេន គឺ ៥៦.៣៦ដុល្លារក្នុងមួយបារ៉ែល។

អ្នកវិភាគនៅក្រុមហ៊ុនជួញដូរ Fujitomi Securities លោក Mitsuru Muraishi បាន​និយាយថា​ «ការទិញ​ប្រេង​របៀបឆក់ឱកាស ​ជំរុញ​ឱ្យតម្លៃ​កើនឡើង​បន្តិច ប៉ុន្តែ​ក្តីបារម្ភ​ពី​ការផ្គត់ផ្គង់​លើស​តម្រូវការ ​កំពុង​រារាំង​សន្ទុះនេះ។ ខណៈ​ដែល​ទីផ្សារ ក៏​កំពុង​តាមដាន​ការវិវត្តន៍ក្នុងប្រទេស​វ៉េណេស៊ុយអេឡា និន្នាការ​ធ្លាក់ចុះ​ទំនងអាចជា​បន្ត​» ដោយលោកបាន​ព្យាករ​ថា ប្រេងឆៅ West Texas Intermediate អាច​ធ្លាក់តម្លៃមក​ក្រោម ៥៤ដុល្លារ។

គួរបញ្ជាក់ថា តាមរដ្ឋបាលព័ត៌មានថាមពលអាមេរិក ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ មន្ត្រីជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកត្រូវការគ្រប់គ្រងការលក់ប្រេង និងប្រាក់ចំណូលរបស់វ៉េណេស៊ុយអេឡា ដោយគ្មានពេលកំណត់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចប្រទេសនោះមានស្ថិរភាព កសាងវិស័យប្រេងឡើងវិញ និងធានាថាវ៉េណេស៊ុយអេឡាធ្វើសកម្មភាពដើម្បីផលប្រយោជន៍អាមេរិក៕