លោក ត្រាំ កំពុងផ្តោតលើជម្រើសទិញយកកោះ Greenland ពីប្រទេសដាណឺម៉ាក (Video inside)
08-01-2026 13:18
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី៧ ខែមករា សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិងកំពុងតែផ្តោតជាពិសេសលើជម្រើសនៃការទិញយកកោះ Greenland ពីប្រទេសដាណឺម៉ាក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន DW។
ចាប់តាំងពីឡើងកាន់អំណាចនៅអាណត្តិទី២ កាលពីខែមករា ដើមឆ្នាំ២០២៥មក លោក ត្រាំ បានលើកឡើងម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកត្រូវការគ្រប់គ្រង Greenland សម្រាប់ហេតុផលសន្តិសុខជាតិ។ ដែនកោះតំបន់អាកទិកដែលសម្បូរដោយធនធានមួយនេះ គឺជាផ្នែកនៃប្រទេសដាណឺម៉ាក ខណៈដាណឺម៉ាក ស្ថិតក្នុងអង្គការ NATO ដូច្នេះត្រូវជាសម្ព័ន្ធមិត្តរបស់អាមេរិក។
ការទទូចចង់បានកោះ Greenland របស់លោក ត្រាំ ដោយប្រើមធ្យោបាយគ្រប់បែបយ៉ាង បានបង្កឱ្យមានការព្រួយបារម្ភជាខ្លាំង ក្នុងចំណោមសម្ព័ន្ធមិត្តអាមេរិកនៅទ្វីបអឺរ៉ុប ជាពិសេសក្រោយពេលអាមេរិកវាយប្រហារលើវ៉េណេស៊ុយអេឡា កាលពីចុងសប្តាហ៍មុន។ លោកស្រី Mette Frederiksen នាយករដ្ឋមន្រ្តីដាណឺម៉ាក ក្នុងសប្តាហ៍នេះ បាននិយាយថា ការវាយប្រហាររបស់អាមេរិកលើប្រទេសសមាជិក NATO នឹងជាទីបញ្ចប់នៃបក្សសម្ព័ន្ធយោធានេះ រួមជាមួយសន្តិសុខក្រោយសង្រ្គាមលោកលើកទី២។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ជម្រើសនៃការទិញកោះ Greenland កំពុងស្ថិតក្រោមការពិភាក្សាយ៉ាងសកម្មដោយលោក ត្រាំ និងក្រុមសន្តិសុខជាតិរបស់លោក។ អ្នកនាំពាក្យបាននិយាយថា លោក ត្រាំ ចាត់ទុកការយកកោះ Greenland ឱ្យបាន គឺជាអាទិភាពចម្បងសម្រាប់សហរដ្ឋអាមេរិក ដើម្បីទប់ទល់ការពង្រីកឥទ្ធិពលរបស់ចិននិងរុស្ស៉ី នៅក្នុងតំបន់អាកទិក។
លោកស្រី Leavitt បានសង្កត់ធ្ងន់ថា ការទូតគឺជម្រើសដំបូងបំផុតជានិច្ចរបស់លោក ត្រាំ ប៉ុន្តែលោកប្រធានាធិបតី នឹងមិនបោះបង់ចោលឡើយ នូវជម្រើសប្រើកម្លាំងយោធាប្រឆាំងដាណឺម៉ាក ដើម្បីគ្រប់គ្រង Greenland ពោលគឺជម្រើសទាំងអស់ ស្ថិតនៅលើតុសម្រាប់លោកប្រធានាធិបតី ត្រាំ។
កាលពីថ្ងៃពុធ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ក៏បាននិយាយដែរថា រូបលោកគ្រោងជួបជាមួយ ក្រុមមន្រ្តីដាណឺម៉ាកនៅសប្តាហ៍ក្រោយ បន្ទាប់ពីទីក្រុងកូប៉ិនហាក បានស្នើបើកកិច្ចពិភាក្សាដើម្បីជជែកអំពីបញ្ហា Greenland។ ដាណឺម៉ាកព្រមទាំងបណ្តាដៃគូនៅអឺរ៉ុប ដូចជាអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស បានច្រានចោលមហិច្ឆតារបស់លោក ត្រាំ។
គួរបញ្ជាក់ថា Greenland គឺជាដែនដីអាណានិគមរបស់ដាណឺម៉ាក អស់រយៈពេលរាប់រយឆ្នាំ រហូតដល់ឆ្នាំ១៩៥៣ ហើយឥឡូវ គឺជាដែនដីស្វយ័តស្ថិតក្នុងព្រះរាជាណាចក្រដាណឺម៉ាក ប៉ុន្តែមានសិទ្ធិស្វែងរកឯករាជ្យក្រោមច្បាប់អន្តរជាតិ។ ដែនកោះទឹកកកនេះ មានមនុស្សរស់នៅ ៥៧ ០០០នាក់។ យោងតាមការស្ទង់មតិមួយកាលពីខែមករា ឆ្នាំ២០២៥ ប្រមាណ៥៦% បាននិយាយថា ពួកគេចង់បានឯករាជ្យពីដាណឺម៉ាក ប៉ុន្តែត្រឹម៦ភាគរយប៉ុណ្ណោះ ដែលនិយាយថា ចង់ចូលរួមជាមួយសហរដ្ឋអាមេរិក៕







