សេតវិមាន៖ ការសម្រេចចិត្តទាំងអស់របស់វ៉េណេស៊ុយអេឡា នឹងស្ថិតក្រោមការកំណត់របស់សហរដ្ឋអាមេរិក (Video inside)

08-01-2026 14:06

(វ៉ាស៉ីនតោន)៖ សេតវិមានកាលពីថ្ងៃពុធ ទី៧ ខែមករា បាននិយាយថា សហរដ្ឋអាមេរិកមានឥទ្ធិពលជាអតិបរមា ក្តោបក្តាប់លើរដ្ឋាភិបាលស្តីទីរបស់វ៉េណេស៊ុយអេឡា បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro ហើយទីក្រុងវ៉ាស៉ីនតោន នឹងជាអ្នកកំណត់លើការសម្រេចចិត្តនានា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយយ៉ាងដូច្នេះថា «ជាក់ស្តែងយើងមានឥទ្ធិពលជាអតិបរមា ​ក្តោបក្តាប់លើរដ្ឋាភិបាលស្តីទីនៅវ៉េណេស៊ុយអេឡា នាពេលនេះ។ យើងកំពុងបន្តស្ថិតក្នុងការសម្របសម្រួលជិតស្និទ្ធ ជាមួយ​រដ្ឋាភិបាលស្តីទីវ៉េណេស៊ុយអេឡា ហើយការសម្រេចចិត្តនានារបស់ពួកគេ នឹងបន្តត្រូវបានកំណត់ដោយសហរដ្ឋអាមេរិក»

ក្រោយការចាប់ខ្លួនលោក Maduro កាលពីចុងសប្តាហ៍មុន លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក នឹងគ្រប់គ្រងវ៉េណេស៊ុយអេឡា ទោះមិនដាក់ពង្រាយកងកម្លាំងយោធា នៅទីនោះផ្ទាល់ក៏ដោយ។ ទីក្រុងវ៉ាស៉ីនតោន ហាក់កំពុងពឹងផ្អែកលើ​ការបិទខ្ទប់ដែនសមុទ្រ ចំពោះសកម្មភាពនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡា ហើយនិងការគំរាមប្រើកម្លាំងយោធាបន្ថែមទៀត ដើម្បីធានាកិច្ចសហប្រតិបត្តិការពីសំណាក់ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានអះអាងថា សហរដ្ឋអាមេរិក មានផែនការច្បាស់លាស់ ក្រោយការផ្តួលរំលំលោក Maduro។ មកទល់ពេលនេះ ផែនការនោះ រួមមានដូចជាអ្វីដែលលោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងមួយ ដែលតម្រូវឱ្យវ៉េណេស៊ុយអេឡា ប្រគល់ប្រេងចន្លោះ៣០-៥០លានបារ៉ែល​មកឱ្យសហរដ្ឋអាមេរិក។

លោក ត្រាំ ក៏បាននិយាយដែរថា ក្រុមហ៊ុនប្រេងយក្សអាមេរិក នឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រេង ដែលដួលរលំរបស់វ៉េណេស៊ុយអេឡា ដោយរូបលោកគ្រោងបើកកិច្ចប្រជុំ ជាមួយនាយកក្រុមហ៊ុនទាំងនោះ ដើម្បីពិភាក្សាអំពីផែនការ​សម្រាប់វិស័យប្រេងរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃសុក្រសប្តាហ៍នេះ។ ទន្ទឹមគ្នា រដ្ឋមន្រ្តីថាមពលអាមេរិក លោក Christ Wright បានអះអាងថា ទីក្រុងវ៉ាស៉ីនតោននឹងគ្រប់គ្រងការលក់ប្រេងរបស់វ៉េណេស៊ុយអេឡា ដោយមិនមានពេលកំណត់ឡើយ៕