ប្រធានាធិបតីកូរ៉េខាងត្បូង ប្រើសត្វ penguin ដើម្បីព្យាយាមជំរុញឱ្យមានជំនួបជាមួយ លោក គីម ជុងអ៊ុន (Video inside)
08-01-2026 14:34
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបង្ហោះសាររូបភាពមួយបង្ហាញពីសត្វ penguin ស្និទ្ធស្នាលគ្នាមួយគូ ដែលតំណាងឱ្យរូបលោក និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងបំណងបន្តព្យាយាមជំរុញឱ្យមានការបើកជំនួបរវាងមេដឹកទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦។
កាលពីថ្ងៃពុធ លោក Lee បានសរសេរនៅលើបណ្តាញសង្គម X ថា រូបលោកសង្ឃឹមថា នៅថ្ងៃណាមួយ ស្ថានភាពវឹកវរនិងអរិភាពនៅលើឧបទ្វីបកូរ៉េ នឹងត្រូវបានជម្នះ ហើយអមជាមួយសារនោះ លោកបានបង្ហោះរូបភាពសត្វ penguin មួយគូនៅកៀកកើយគ្នា។ លោក Lee បានសរសេរបន្ថែមថា «គួរជួបគ្នាទៅ, Po Jae Myung និង Po Jong Un» ដោយលោកចង់សំដៅទៅកាន់ភាពយន្តគំនូរជីវចលកុមារដ៏ល្បីរបស់កូរ៉េខាងត្បូង ហៅថា Pororo the Little Penguin ដែលមានតួអង្គជាសត្វ penguin។
អំឡុងដើមទសវត្សរ៍ឆ្នាំ២០០០ អ្នកបង្កើតកម្មវិធីគំនូរជីវចលខាងលើ ធ្លាប់ផ្តល់កុងត្រាការងារចំនួន ក្នុងដំណាក់ដំបូងនៃការផលិត ឱ្យទៅស្ទូឌីយ៉ោនៅឯកូរ៉េខាងជើង។ ប៉ុន្តែឥឡូវនេះ ប្រទេសកូរ៉េខាងជើង បានប្រកាសខ្លួនជារដ្ឋនុយក្លេអ៊ែរមិនអាចកែប្រែ ហើយទំនាក់ទំនងរបស់ខ្លួនជាមួយកូរ៉េខាងត្បូង បានធ្លាក់ដល់កម្រិតដ៏ដុនដាបបំផុតមួយ។
គួរបញ្ជាក់ថា ការបង្ហោះសារដូចខាងលើរបស់លោក Lee គឺកើតមានឡើង បន្ទាប់ពីរូបលោកទើបត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឯប្រទេសចិនវិញ ជាទីដែលលោកប្រធានាធិបតីកូរ៉េខាងត្បូង បានស្នើឱ្យទីក្រុងប៉េកាំងជួយដើរតួនាទីសម្របសម្រួល ដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើង ឱ្យត្រឡប់មករកកិច្ចសន្ទនាសាជាថ្មី៕







