លោក ត្រាំ ចង់បានកញ្ចប់ថវិកាយោធាទំហំ១.៥ទ្រីលានដុល្លារ សម្រាប់ឆ្នាំ២០២៧ កើនពី៩០១ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ (Video inside)

08-01-2026 15:13

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី៧ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កញ្ចប់ថវិកាយោធាអាមេរិក ឆ្នាំ២០២៧ គួរតែមានទំហំរហូតដល់ ១.៥ទ្រីលានដុល្លារ ពោលគឺកាន់តែខ្ពស់ខ្លាំងថែមទៀត ធៀបនឹង៩០១ពាន់លានដុល្លារ ដែលត្រូវបានអនុម័តដោយសភាអាមេរិក សម្រាប់ឆ្នាំ២០២៦នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប៉ុន្មានថ្ងៃកន្លងមកនេះ សហរដ្ឋអាមេរិក ទើបតែបានធ្វើប្រតិបត្តិការយោធា ដើម្បីចូលទៅចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro ពីប្រទេសវ៉េណេស៊ុយអេឡា។ ទន្ទឹមគ្នា សេតវិមានបានឱ្យដឹងថា លោក ត្រាំ កំពុងពិភាក្សាជម្រើសដើម្បីគ្រប់គ្រងកោះ Greenland របស់ប្រទេសដាណឺម៉ាក ក្នុងនោះរួមមានទាំងជម្រើសប្រើកម្លាំងយោធា។

លោក ត្រាំ បានអះអាងថា ការបង្កើនថវិកាយោធានេះ នឹងត្រូវរ៉ាប់រងដោយចំណូលបានមកពីពន្ធគយ ដែលរូបលោកបានដាក់លើ ​ប្រទេសស្ទើរតែទាំងអស់ជុំវិញពិភពលោក ព្រមទាំងលើឧស្សាហកម្មជាច្រើន ហើយសហរដ្ឋអាមេរិក នឹងនៅតែអាចបន្ថយបំណុល និងលើកកម្ពស់ជីវភាពប្រជាជនអាមេរិក ដែលមានប្រាក់ចំណូលមធ្យម។

យ៉ាងណាមិញ ស្ថាប័នស្រាវជ្រាវ The Committee for a Responsible Federal Budget បានធ្វើការប៉ាន់ប្រមាណថា សំណើបង្កើនកញ្ចប់ថវិកាយោធារបស់លោក ត្រាំ នឹងបង្កការចំណាយសរុប៥ទ្រីលានដុល្លារ រហូតដល់ឆ្នាំ២០៣៥ ហើយបន្ថែម​៥.៨ទ្រីលានដុល្លារទៅក្នុងបំណុលរបស់អាមេរិក ភ្ជាប់ជាមួយការប្រាក់។ តាមស្ថាប័នដដែលនេះ ថវិកាត្រឹមពាក់កណ្តាលប៉ុណ្ណោះ ដែលអាច​រ៉ាប់រងដោយពន្ធគយកំពុងអនុវត្តសព្វថ្ងៃ ហើយតុលាការកំពូលអាមេរិក ក៏អាចចេញសេចក្តីសម្រេចថា ពន្ធគយមួយចំនួនធំ គឺខុសច្បាប់ផងដែរ។ មជ្ឈមណ្ឌល The Bipartisan Policy Center បានវាយតម្លៃថា ពន្ធគយសរុបរបស់លោក ត្រាំ បង្កើតប្រាក់ចំណូលបាន២៨៨ពាន់លានដុល្លារ កាលពីក្នុងឆ្នាំ២០២៥ ដែលទាបជាងឆ្ងាយ ធៀបនឹងការប៉ាន់ស្មានរបស់លោក ត្រាំ ផ្ទាល់ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គឺ៦០០ពាន់លានដុល្លារ។

គួរបញ្ជាក់ថា លើកចុងក្រោយបង្អស់ ដែលក្រសួងការពារជាតិអាមេរិក មើលឃើញកញ្ចប់ថវិកាកើនលើស៥០ភាគរយ គឺកាលពីឆ្នាំ១៩៥១ អំឡុងសម័យសង្រ្គាមឧបទ្វីបកូរ៉េ ហើយសូម្បីមានការកើនឡើងធំ ក្នុងការចំណាយលើវិស័យយោធា ក្រោមអាណត្តិអតីតប្រធានាធិបតី លោក Ronald Reagan នៅឆ្នាំ១៩៨១ និង១៩៨២ ក៏ដោយ គឺកំណើនពេលនោះ ត្រឹម២៥% និង២០% ប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រោយការប្រកាសរបស់លោក ត្រាំ ភាគហ៊ុនរបស់ក្រុមហ៊ុនការពារជាតិអាមេរិកធំៗ បានស្ទុះឡើង ខណៈវិនិយោគិននាំគ្នា​ភ្នាល់ថា ពួកគេនឹងអាចទទួលបានឱកាស កើបប្រាក់ចំណេញខ្ពស់។ ក្នុងចំណោមនោះ ភាគហ៊ុនក្រុមហ៊ុន Lockheed Martin បានកើន៦.២%, General Dynamics កើន៤.៤% និង RTX កើន៣.៥%៕