អាជ្ញាធរសុខាភិបាលហ្កាហ្សា អះអាងពីការវាយប្រហាររបស់អ៉ីស្រាអែល សម្លាប់មនុស្ស ២នាក់ និងរបួសមួយចំនួន (Video inside)
08-01-2026 15:38
(ហ៊្សេរុយសាឡិម)៖ អាជ្ញាធរសុខាភិបាលតំបន់ បាននិយាយថា ការវាយប្រហារមួយតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ២នាក់នៅហ្កាហ្សា កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈយោធាអ៉ីស្រាអែលនិយាយថា វាជាការសងសឹកចំពោះក្រុមហាម៉ាស ដែលបាញ់ប្រហារមកលើកងកម្លាំងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ ២០២៦។
យោធាអ៉ីស្រាអែលចោទប្រកាន់ថា ហាម៉ាសបានបាញ់ទាហានរបស់ខ្លួន នៅព្រឹកថ្ងៃពុធ ហើយការវាយប្រហារតាមអាកាសនោះ កំណត់គោលដៅទៅលើអ្នកប្រយុទ្ធជាន់ខ្ពស់ហាម៉ាសម្នាក់។ មន្ត្រីសុខាភិបាលហ្កាហ្សា មិនបានបង្ហាញអត្តសញ្ញាណអ្នកស្លាប់ទេ ដោយគ្រាន់តែបានឱ្យដឹងថា មានមនុស្សច្រើននាក់រងរបួស ក្នុងការវាយប្រហារតាមអាកាស ដែលត្រូវផ្ទះមួយខ្នងនៅក្នុងទីក្រុងហ្កាហ្សា។
គួរបញ្ជាក់ថា ស្ទើរតែទាំងអស់នៃប្រជាជនហ្កាហ្សា ២លាននាក់ កំពុងរស់នៅតំបន់ដែលកាន់កាប់ដោយហាម៉ាស ជាកន្លែងដែលក្រុមនេះ បាននិងកំពុងបង្កើតការគ្រប់គ្រងរបស់ខ្លួនឡើងវិញ។ ហាម៉ាសបាននិយាយថា ពួកគេនៅតែបន្តបញ្ជាអ្នកប្រយុទ្ធរាប់ពាន់នាក់ ទោះបីជាបានរងការវាយប្រហារធ្ងន់ធ្ងរ អំឡុងសង្គ្រាមជាមួយអ៉ីស្រាអែលក៏ដោយ៕






