ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ទទួលយកការអញ្ជើញរបស់លោក ត្រាំ ទៅបំពេញទស្សនកិច្ចនៅអាមេរិក (Video inside)
08-01-2026 16:15
(បូហ្គោតា)៖ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយថា រូបលោកបានសម្រេចចិត្តទទួលយកការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបំពេញទស្សនកិច្ចទៅកាន់សេតវិមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦។
ថ្លែងអំឡុងពិធីជួបជុំមួយជាមួយក្រុមអ្នកគាំទ្រ លោក Petro បានប្រកាសថា សន្តិភាពអាចសម្រេចទៅបានតាមរយៈកិច្ចសន្ទនា ដូច្នេះទើបរូបលោកយល់ព្រមទទួលយក សំណើរបស់លោក ត្រាំ ក្នុងការអញ្ជើញលោកទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីបើកការសន្ទនាគ្នា។ លោក Petro បានបន្តថា លទ្ធផលយ៉ាងណានៃជំនួបនោះ គឺនឹងត្រូវរង់ចាំមើលជាក់ស្តែង ប៉ុន្តែលោកនឹងទទូចជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រោះវានាំមកនូវសន្តិភាព ការរស់រានដោយសុខសាន្ត ព្រមទាំងក្តីស្រឡាញ់។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ត្រាំ បានឱ្យដឹងថា លោកបានអញ្ជើញលោក Gustavo Petro ធ្វើទស្សនកិច្ចទៅកាន់សេតវិមាន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានគំរាមមេដឹកនាំកូឡុំប៊ី ជាមួយការធ្វើសកម្មភាពយោធា ជុំវិញការចោទប្រកាន់ពីការរត់ពន្ធគ្រឿងញៀន។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីរូបលោក បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក Petro ដែលជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងបំផុត រវាងមេដឹកនាំទាំង២ ចាប់តាំងពីលោក ត្រាំ ស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិកកាលពីខែមករាឆ្នាំមុនមក។ តាមលោក ត្រាំ រូបលោកមានគម្រោងជួបលោក Petro ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕




