អ៊ុយក្រែន ប្រឹងប្រែងរកឋានៈជាសមាជិក EU ខណៈប្រទេសស៉ីប កាន់តំណែងប្រធានប្តូរវេននៃប្លុក (Video inside)
08-01-2026 16:29
(កៀវ)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យសម្ព័ន្ធមិត្តផ្តល់ការធានាសន្តិសុខរឹងមាំ ប្រឆាំងនឹងការវាយប្រហារឡើងវិញណាមួយ ពីសំណាក់ប្រទេសរុស្ស៉ី ខណៈកំពុងស្វែងរកវឌ្ឍនភាពលើកិច្ចចរចា សុំចូលជាសមាជិកសហភាពអឺរ៉ុប (EU) និងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ ២០២៦។
លោក ហ្សេលេនស្គី បានជួបប្រធានាធិបតីប្រទេសស៉ីប លោក Nikos Christodoulides ក្នុងទីក្រុង Nicosia ខណៈដែលស៉ីប ទើបនឹងក្លាយជាប្រធានប្តូរវេន EU ដែលមានរយៈពេល ៦មួយខែ។ បន្ទាប់ពីជំនួប លោក ហ្សេលេនស្គី បានឱ្យដឹងថា «យើងកំពុងខិតខំធ្វើការ ដើម្បីសម្រេចបានវឌ្ឍនភាពច្រើន តាមដែលអាចធ្វើទៅបាន អំឡុងពេលដែលមានការចរចាជារួម និងទៅលើសំណើឱ្យអ៊ុយក្រែនក្លាយជាសមាជិក EU»។ លោក ហ្សេលេនស្គី បានឱ្យដឹងទៀតថា ប្រធានាធិបតីស៉ីប និងរូបលោកបានជជែកអំពីការពង្រឹងទណ្ឌកម្មប្រឆាំងរុស្ស៉ី ក៏ដូចជាការការពារដែនអាកាសរបស់អ៊ុយក្រែន និងការផលិត និងផ្គត់ផ្គង់យន្តហោះដ្រូនផងដែរ។
គួរបញ្ជាក់ថា អ៊ុយក្រែន បានដាក់ពាក្យសុំចូលជាសមាជិក EU ប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៉ីបើកការឈ្លានពាន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយទីក្រុងកៀវ ស្វែងរកការចងភ្ជាប់ខ្លួនខាងនយោបាយ និងសេដ្ឋកិច្ចជាមួយលោកខាងលិច។ ដំណើរការស្វែងរកមានភាពរីកចម្រើនជាលំដាប់ ទោះបីជាមានការជំទាស់ពីសមាជិកហុងគ្រីក៏ដោយ៕







