ព្រឹទ្ធសភាអាមេរិក ត្រៀមបោះឆ្នោតដើម្បីកម្រិតអំណាចយោធារបស់លោក ត្រាំ នៅវេណេស៊ុយអេឡា (Video inside)
08-01-2026 18:40
(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកគ្រោងនឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ លើសេចក្តីសម្រេចចិត្តមួយ ដែលមានគោលបំណងរារាំងប្រធានាធិបតី ដូណាល់ ត្រាំ ពីការចាត់វិធានការយោធាបន្ថែមទៀតប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ដោយគ្មានការអនុញ្ញាតពីសភា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការបោះឆ្នោតនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ សមាជិកសភាមួយចំនួនបានចោទប្រកាន់រដ្ឋបាលលោក ត្រាំ ថាបានបំភាន់សភា ដោយកន្លងមកធ្លាប់អះអាងថាមិនមានគម្រោងផ្លាស់ប្តូររបប ឬវាយប្រហារឡើយ។
សមាជិកព្រឹទ្ធសភា រ៉ាន់ ផល (Rand Paul) មកពីគណបក្សសាធារណរដ្ឋ បានបង្ហើបថា សមាជិកបក្សរបស់លោកមួយចំនួនអាចនឹងគាំទ្រសេចក្តីសម្រេចនេះ។ ទោះជាយ៉ាងណា ដើម្បីក្លាយជាច្បាប់ វាត្រូវតែឆ្លងកាត់សភាតំណាងរាស្ត្រ និងត្រូវទទួលបានសំឡេងគាំទ្រ ២/៣ ដើម្បីបដិសេធការវេតូរបស់លោក ត្រាំ។
អ្នកគាំទ្រសេចក្តីសម្រេចនេះព្រួយបារម្ភអំពីសង្គ្រាមដ៏អូសបន្លាយ និងចំណាយច្រើន ខណៈដែលអ្នកប្រឆាំងអះអាងថា ការចាប់ខ្លួនលោក ម៉ាឌូរ៉ូ គឺជាប្រតិបត្តិការអនុវត្តច្បាប់ មិនមែនជាសកម្មភាពយោធាទេ៕





