វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ពូទីន បានត្រឹមសម្លឹងមើលសហរដ្ឋអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ?

08-01-2026 20:35

(បែរឡាំង)៖ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្ហាញការកោតសរសើរ និងគោរពយ៉ាងខ្លាំងដល់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូ ក្នុងថ្ងៃទិវាជ័យជម្នះកាលពីខែឧសភា ឆ្នាំ២០២៥។ នៅពេលនោះ លោក ម៉ាឌូរ៉ូបានចាត់ទុករុស្ស៉ីជាអំណាចដ៏សំខាន់មួយនៃមនុស្សជាតិ ហើយប្រមុខរដ្ឋទាំង២បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការមួយ។ ក៏ប៉ុន្តែ កាលពីថ្ងៃទី៣ ខែមករា រុស្ស៉ីបានត្រឹមឈរសម្លឹងមើលសហរដ្ឋអាមេរិកវាយប្រហារលើវ៉េណេស៊ុយអេឡា និងចាប់ខ្លួនលោក ម៉ាឌូរ៉ូ រួមទាំងភរិយារបស់លោក បញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីកាត់ទោសជុំវិញការចោទប្រកាន់ពីការរត់ពន្ធគ្រឿងញៀន។

នៅបន្ទាប់ពីការទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីអំណាច មកទល់នឹងពេលនេះ លោក ពូទីននៅតែបន្តរក្សាភាពស្ងៀមស្ងាត់នៅឡើយ។ ក្រសួងការបរទេសរុស្ស៉ីបានបង្ហាញការព្រួយបារម្ភរបស់ខ្លួន និងអំពាវនាវឱ្យសហរដ្ឋអាមេរិកដោះលែងលោក ម៉ាឌូរ៉ូ ព្រមទាំងស្នើឱ្យមានកិច្ចចរចារវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា។ បើតាមសេចក្ដីរាយការណ៍ជាច្រើន ក្រោយកិច្ចសន្ទនាតាម ទូរស័ព្ទមួយកាលពីដើមខែធ្នូ លោក ម៉ាឌូរ៉ូទទួលបានសារអបអរសាទរឆ្នាំថ្មីពីប្រធានាធិបតីរុស្ស៉ី។

កាលពីខែធ្នូ ឆ្នាំ២០១៨ រុស្ស៉ីបានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160​ ចំនួន២គ្រឿងទៅកាន់វ៉េណេស៊ុយអេឡាសម្រាប់ការធ្វើសមយុទ្ធយោធាដែលក្រុមអ្នកជំនាញ បកស្រាយថាជាសញ្ញាមួយនៃការគាំទ្រចំពោះលោក ម៉ាឌូរ៉ូ។ ក្នុងឆ្នាំនោះយន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ីទាំង២គ្រឿងនេះបានចុះចតនៅឯអាកាសយានដ្ឋានទីក្រុងការ៉ាកាស តែក្នុងឆ្នាំនេះ អាកាសយានដ្ឋានដដែលនេះបែរជាត្រូវបានកម្លាំងអាមេរិកប្រើប្រាស់ដើម្បីចាប់បញ្ជូនលោក ម៉ាឌូរ៉ូ ដែលដៃជាប់ខ្នោះបញ្ជូនទៅសហរដ្ឋអាមេរិក ហើយប្រព័ន្ធការពារដែនអាកាសរុស្ស៉ី ក៏មិនអាចការពារសម្ព័ន្ធមិត្តម្នាក់នេះរបស់លោក ពូទីនបានឡើយ។

លោក Neil Melvin ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Royal United Services Institute បាននិយាយថា «ការគាំទ្ររបស់រុស្ស៉ីចំពោះវ៉េណេស៊ុយអេឡាមានទម្រង់ជានិមិត្តរូបច្រើនជាង ការអនុវត្តជាក់ស្ដែង»។ តាមការយល់ឃើញរបស់លោក រុស្ស៉ីសព្វថ្ងៃមិនមែនស្ថិតនៅក្នុងគោលជំហរមានប្រយោជន៍ដែលត្រូវប្រឈមមុខ ឬប្រឆាំងនឹងការដាក់ពង្រាយកងកម្លាំងអាមេរិក នៅតំបន់អាមេរិកឡាទីននោះទេ។ លោក Felix Riefer វិញជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយអាល្លឺម៉ង់បាននិយាយដែរថាលោកមិនមានការភ្ញាក់ផ្អើលអ្វីទេចំពោះភាពស្ងៀមស្ងាត់របស់លោក ពូទីន។ ពីព្រោះក្រោយការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ មកដឹកនាំសេតវិមានក្នុងអាណត្តិទី២ ដែលបាននាំទៅរកការខិតជិតគ្នារវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន រុស្ស៉ីបានបញ្ចេញ ប្រតិកម្មឆ្លើយតបតទៅនឹងសកម្មភាពរបស់សហរដ្ឋអាមេរិកធ្វើដាក់វ៉េណេស៊ុយអេឡាជាមួយការបង្ហាញការអត់ធ្មត់។ តាមលោក Riefer តាមពិតទៅ រុស្ស៉ីបានបោះបង់ចោលលោក ម៉ាឌូរ៉ូ រួចបាត់ទៅហើយ។

អ្នកជំនាញទាំង២រូប បានពន្យល់ទៀតថាគន្លឹះសំខាន់ដែលអាចពន្យល់ពីភាពស្ងៀមស្ងាត់របស់លោក ពូទីន នោះគឺដោយសារតែសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន និងការផ្លាស់ប្ដូររបស់ទីក្រុងវ៉ាស៊ីនតោន ពីធ្វើជាដៃគូរបស់អ៊ុយក្រែន ទៅជាធ្វើសកម្មភាពក្នុងនាមជាអ្នកសម្របសម្រួលកិច្ចចរចា។ លោក Melvin យល់ថារុស្ស៉ីមានចេតនាចៀសវាងការរិះគន់ ឬថ្កោលទោសធ្ងន់ៗលើសហរដ្ឋអាមេរិក ក៏ព្រោះតែ មិនចង់ធ្វើឱ្យលោក ត្រាំខឹងសម្បារ។ តាមអ្នកជំនាញរូបនេះ លោក ពូទីនប្រហែលជានឹងមិនរក្សាភាពស្ងៀមស្ងាត់នោះទេ ប្រសិនបើរុស្ស៉ីមិនជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ុយក្រែនទេនោះ។ សម្រាប់លោក Melvin ភ្លាមៗនឹងមិនមានផលវិបាកចំពោះសង្រ្គាមនៅអ៊ុយក្រែនទេ។ ប៉ុន្តែអ្វីៗអាចនឹងប្រែប្រួល ក្នុងករណីដែលលោក ត្រាំ មិនបញ្ឈប់ត្រឹមវ៉េណេស៊ុយអេឡា ដោយបន្តធ្វើសកម្មភាពយោធាសម្លុតគំរាម ជាឧទាហរណ៍ប្រសិនបើលោក ត្រាំ ពិតជាប្រើយោធាដើម្បីគ្រប់គ្រងដែនដី Greenland ដែលជាតំបន់ស្វយ័តរបស់ដាណឺម៉ាកមែននោះ។ លោកជឿថាអង្គការ NATO ប្រហែលជានឹងមិនអាចឆ្លងផុត ស្ថានការណ៍របៀបនេះបានទេ ខណៈនាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen ក៏បានបង្ហាញទស្សនៈយល់ឃើញដូចគ្នានេះដែរ។

លោក Felix Riefer បានបន្ថែមថារុស្ស៉ីអាចនឹងព្យាយាមប្រើប្រាស់ករណីវ៉េណេស៊ុយអេឡាដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួនក្នុងការឈ្លានពានអ៊ុយក្រែន។ តែព្រមពេលជាមួយគ្នា កេរ្តិ៍ឈ្មោះរបស់រុស្ស៉ី ក្នុងនាមជាមហាអំណាចអាចនឹងចុះទន់ខ្សោយ ដ្បិតការដួលរលំនៃរដ្ឋាភិបាលចំនួន២ដឹកនាំដោយសម្ព័ន្ធមិត្តរបស់លោក ពូទីន តួយ៉ាងដូចជាអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងលោក នីកូឡាស់ ម៉ាឌូរ៉ូ អាចនឹងធ្វើឱ្យបណ្ដាប្រទេសដែលពឹងផ្អែកលើរុស្ស៉ីបាត់បង់ជំនឿចិត្តថាពួកគេនឹងទទួលបានការការពារពីរុស្ស៉ី។

ដោយឡែក លោក Neil Melvin វិញបានកត់សម្គាល់ថាវាមិនមែនជាលើកទី១នោះទេដែលលោក ពូទីន ធ្វើឱ្យបាត់បង់សម្ព័ន្ធមិត្តរបស់ខ្លួន។ រុស្ស៉ីបានធ្វើបាត់បង់អាមេនី ស៊ីរី ហើយឥលូវគឺបាត់បង់ វ៉េណេស៊ុយអេឡាទៀត។ ដូច្នេះចង់ ឬមិនចង់ មុខមាត់របស់រុស្ស៉ីនៅលើឆាកអន្តរជាតិអាចនឹងកាន់តែស្រអាប់ ដរាបណានៅតែបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែនដែលធ្វើឱ្យរុស្ស៉ីមិនអាចបង្វែរធនធានដើម្បី ពង្រីកឥទ្ធិពល និងពង្រឹងទំនាក់ទំនងនៅកន្លែងផ្សេងបាន។ ក្នុងករណីគុយបាដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់រុស្ស៉ីក្នុងតំបន់អាមេរិកឡាទីន ការតវ៉ារបស់ទីក្រុងមូស្គូអាចនឹងមានសំឡេងខ្លាំង ប៉ុន្តែជម្រើសរបស់រុស្ស៉ីនៅតែមានដែនកំណត់។ គុយបាស្ថិតក្នុងចំណោមប្រទេសដែលរងការសម្លុតគំរាមពីលោក ដូណាល់ ត្រាំ ក្រោយលោក ម៉ាឌូរ៉ូត្រូវបានទម្លាក់ចេញពីអំណាច៕