រដ្ឋមន្ត្រីថាមពលអាមេរិក៖ អាមេរិក និងចិនអាចរកស៊ីនៅវេណេស៊ុយអេឡាជាមួយគ្នាបាន តែអាមេរិកត្រូវតែជាអ្នកគ្រប់គ្រង (Video inside)
08-01-2026 21:31
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក គ្រីស រ៉ាយ (Chris Wright) បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា មានលទ្ធភាពក្នុងការរក្សាតុល្យភាពតួនាទីរវាងអាមេរិក និងចិននៅប្រទេសវេណេស៊ុយអេឡា ដើម្បីអនុញ្ញាតឱ្យមានពាណិជ្ជកម្ម ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននឹងមិនអនុញ្ញាតឱ្យទីក្រុងប៉េកាំងមានការគ្រប់គ្រងសំខាន់លើប្រទេសអាមេរិកឡាទីនមួយនេះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសន៍ជាមួយ Fox Business Network លោក រ៉ាយ បានបញ្ជាក់ថា «ដរាបណាអាមេរិកនៅតែជាកម្លាំងលេចធ្លោនៅទីនោះ...ហើយសហរដ្ឋអាមេរិកគ្រប់គ្រងលំហូរប្រេង នោះវានឹងមិនអីទេ»។ លោកបានសង្កត់ធ្ងន់ថា «តើយើងនឹងអនុញ្ញាតឱ្យវេណេស៊ុយអេឡាក្លាយជារដ្ឋរណបរបស់ចិនឬទេ? ចម្លើយគឺដាច់ខាត មិនអាចទេ»។
រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិករូបនេះ ក៏បានបង្ហើបថា ក្រុមហ៊ុន Chevron នឹងពង្រីកសកម្មភាពរបស់ខ្លួនយ៉ាងឆាប់រហ័សនៅប្រទេសវេណេស៊ុយអេឡា ខណៈក្រុមហ៊ុន ConocoPhillips និង Exxon Mobil ក៏កំពុងសម្លឹងមើលការដើរតួនាទីក្នុងន័យស្ថាបនាផងដែរ។ លោកបានបន្ថែមថា លោកបានជជែកជាមួយនាយកប្រតិបត្តិក្រុមហ៊ុនប្រេងកំពូលៗតាំងពីថ្ងៃសៅរ៍មកម្ល៉េះ៕





