បាតុកម្មនៅអ៉ីរ៉ង់ រាលដាលកាន់តែខ្លាំង ខណៈចំនួនអ្នកស្លាប់កើនឡើង និងមានការដាច់អ៉ីនធឺណេតទូទាំងប្រទេស (Video inside)

09-01-2026 10:53

(តេហេរ៉ង់)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមបាតុករអ៉ីរ៉ង់ បានបង្កើនការប្រឈមមុខកាន់តែខ្លាំង នៅក្នុងការតវ៉ាដែលបន្តអស់រយៈពេលជិតពីរសប្តាហ៍ ខណៈអាជ្ញាធរបានផ្តាច់ការប្រើប្រាស់អ៉ីនធឺណិត ហើយចំនួនអ្នកស្លាប់ពីការបង្ក្រាបចេះតែកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ ២០២៦។

ការតវ៉ា​ ដែលផ្តើមចេញរឿងបិទផ្សារប្រពៃណីមួយ នៅក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៨ ខែធ្នូ និងបន្ទាប់ពីរូបិយប័ណ្ណ rial ធ្លាក់ចុះដល់កម្រិតទាប ឥឡូវនេះក្លាយទៅជាបាតុកម្មទ្រង់ទ្រាយធំ។ បាតុកម្មបានរីករាលដាលពាសពេញប្រទេសអ៉ីរ៉ង់ ដោយមានការប្រមូលផ្តុំគ្នានៅ ៣៤៨ទីតាំង ក្នុងខេត្តចំនួន ៣១។

អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ បានឱ្យដឹងថា កាលពី​​ថ្ងៃ​ពុធគឺជា​ថ្ងៃ​នៃ​បាតុកម្ម​ដ៏​បង្ហូរ​ឈាម​បំផុត​ ដោយ​អ្នក​តវ៉ា​១៣​នាក់​ត្រូវ​បាន​សម្លាប់។ ប្រធានអង្គការ IHR លោក Mahmood Amiry-Moghaddam និយាយថា មានភស្តុតាងដែលបង្ហាញថា វិសាលភាពនៃការបង្រ្កាបកាន់តែហិង្សា និងកាន់តែទូលំទូលាយជារៀងរាល់ថ្ងៃ ដោយមនុស្សរាប់រយនាក់ទៀតបានរងរបួស និងជាង ២ ០០០នាក់ត្រូវបានចាប់ខ្លួន។

តាមទីភ្នាក់ងារសារព័ត៌មាន Fars មន្ត្រីប៉ូលិសអ៉ីរ៉ង់ម្នាក់ ត្រូវបានសម្លាប់នៅភាគខាងលិចទីក្រុងតេហេរ៉ង់ ដោយសារតែព្យាយាមគ្រប់គ្រងភាពចលាចល។ ទោះ​​ជា​មាន​ការ​បង្ក្រាប​ក៏​ដោយ ក៏​ការ​តវ៉ា​បាន​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​នា​យប់​ថ្ងៃ​ព្រហស្បតិ៍។ ចំពោះមុខបាតុកម្មដ៏កក្រើកទីក្រុងនានាទូទាំងប្រទេសអ៉ីរ៉ង់ បណ្តាញឃ្លាំមើលបញ្ហាអ៉ីនធឺណេត Netblocks បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាស់ស្ទង់ផ្ទាល់បង្ហាញថា អ៉ីរ៉ង់ឥឡូវនេះ កំពុងស្ថិតក្នុងការដាច់អ៉ីនធឺណេតទូទាំងប្រទេស។

គួរបញ្ជាក់ថា បាតុកម្ម បាននាំការរំខានដល់អាជ្ញាធរក្រោមការដឹកនាំរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលកំពុងប្រយុទ្ធនឹងវិបត្តិសេដ្ឋកិច្ចស្រាប់ បន្ទាប់ពីរងនូវការដាក់ទណ្ឌកម្មច្រើនឆ្នាំ និងការងើបឡើងវិញពីសង្គ្រាមកាលពីខែមិថុនារបស់អ៉ីស្រាអែល៕