លោក ដូណាល់ ត្រាំ ថានឹងជួបមេបក្សប្រឆាំងវ៉េណេស៊ុយអេឡា Machado នៅសប្តាហ៍ក្រោយ

09-01-2026 11:53

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មេដឹកនាំគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado នឹងមកទីក្រុងវ៉ាស៉ីនតោន នាសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ ២០២៦។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក ត្រាំ ត្រូវបានពិធីករសួរថាតើលោកមានគម្រោងជួប លោកស្រី Machado បន្ទាប់ពីការវាយប្រហាររបស់អាមេរិកលើវ៉េណេស៊ុយអេឡា និងចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែរឬទេ។ លោក ត្រាំ ឆ្លើយតបថា «មែនហើយ នាងនឹងមកនៅសប្តាហ៍ក្រោយ ក្នុងពេលណាមួយ ហើយខ្ញុំទន្ទឹងរង់ចាំនិយាយ សួស្តីទៅកាន់នាង»។

សេតវិមាន មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ អំពីព័ត៌មាន​លម្អិត​បន្ថែម​ពី​ផែនការនៃជំនួបនេះទេ។ ប្រសិនបើគ្មានអ្វីប្រែប្រួល វានឹងក្លាយជាជំនួបដំបូងនៃលោក ត្រាំ ជាមួយលោកស្រី Machado ដែលបាននិយាយថា លោកស្រីមិនបានជជែកជាមួយមេដឹកនាំសហរដ្ឋអាមេរិកទេ ចាប់តាំងពីការឈ្នះពានរង្វាន់ណូបែលសន្តិភាព ក្នុងខែតុលា៕