កូរ៉េខាងជើង អះអាងថាដ្រូនកូរ៉េខាងត្បូងមួយគ្រឿងទៀត ហោះបំពានចូលដែនអាកាសរបស់ខ្លួន (Video inside)
10-01-2026 09:21
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី១០ ខែមករា បាននិយាយថាកូរ៉េខាងត្បូងបានបាញ់បង្ហោះដ្រូនចូលក្នុងដែនអាកាសរបស់ខ្លួនកាលពីថ្ងៃទី៤ ខែមករា ដែលនេះជា ទង្វើបំពានលើអធិបតេយ្យរបស់កូរ៉េខាងជើង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្ដីរាយការណ៍របស់ KCNA ដែលធ្វើឡើងនៅមុនកូរ៉េខាងជើងបើកសមាជបក្សដ៏សំខាន់មួយ និងជាពេលដែលគេរំពឹងថាទីក្រុងព្យុងយ៉ាងនឹងដាក់ចេញគោលនយោបាយសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថានឹងពង្រឹងវោហាសាស្ត្ររបស់លោក គីម ជុងអ៊ុន ដែលចាត់ទុកកូរ៉េខាងត្បូងជាសត្រូវ។ KCNA បានឱ្យដឹងថាដ្រូនដែលមានប្រភពចេញពីកោះមួយនៅក្នុងទីក្រុង Incheon របស់កូរ៉េខាងត្បូង បានហោះក្នុងចម្ងាយ ៨គីឡូម៉ែត្រ មុននឹងត្រូវបានបាញ់ទម្លាក់នៅក្នុងដែនអាកាសកូរ៉េខាងជើង។
ដោយផ្អែកលើការស្រង់សម្ដីពីអ្នកនាំពាក្យម្នាក់នៃយោធាកូរ៉េខាងជើង KCNA បានបន្ថែមថាដ្រូនខាងលើត្រូវបានបំពាក់ដោយកាមេរ៉ាស៊ើបការណ៍ដើម្បីផ្តិតយករូបភាពរោងចក្រសំខាន់ៗរបស់កូរ៉េខាងជើង ក្នុងនោះរូបថតដែលត្រូវបានបង្ហាញតាមកញ្ចប់ទូរទស្សន៍រដ្ឋ KCNA បានបង្ហាញពីបំណែកដ្រូន គ្រឿងអេឡិចត្រូនិក និងរូបថតនៃអគារដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងមួយនេះបាននិយាយថាត្រូវបាន ផ្ដិតយករូបភាពដោយដ្រូន។
តាម KCNA ឧបទ្ទវហេតុដ្រូនកាលពីថ្ងៃទី៤ ខែមករា បានកើតឡើងបន្ទាប់ពីដ្រូនរបស់កូរ៉េខាងត្បូងមួយគ្រឿងផ្សេងទៀតបានបំពានចូលដែនអាកាសកូរ៉េខាងជើងកាលពីខែកញ្ញាកន្លងទៅ។ ដ្រូននេះត្រូវបាន បាញ់ទម្លាក់នៅលើតំបន់ Kaesong៕




