លោក ត្រាំ គំរាមអ៉ីរ៉ង់ជាថ្មី ចំពោះមុខការកើនឡើងបាតុកម្មប្រឆាំងរដ្ឋាភិបាល និងអំពើហិង្សាទូទាំងប្រទេស

10-01-2026 11:55

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអ៉ីរ៉ង់កំពុងស្ថិតក្នុងភាពចលាចលយ៉ាងធំ និងបានព្រមានជាថ្មីថារូបលោកអាចនឹងបញ្ជាឱ្យបើកការវាយប្រហារយោធា ខណៈបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាលបានរាលដាលនៅទូទាំងប្រទេស ហើយអាជ្ញាធរបានកាត់ផ្ដាច់អ៉ិនធើណិតដើម្បីគ្រប់គ្រងការឡើងនៃភាពចលាចល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ ដែលបានចេញបញ្ជាឱ្យទម្លាក់គ្រាប់បែកកម្ទេចរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥ និងបានព្រមានតេហេរ៉ង់កាលពីសប្ដាហ៍មុនថាសហរដ្ឋអាមេរិកអាចនឹងធ្វើអន្តរាគមន៍ជួយដល់ ក្រុមបាតុករ បានធ្វើការព្រមានជាថ្មីម្ដងទៀតកាលពីថ្ងៃសុក្រ ទី៩ ខែមករា កុំឱ្យអាជ្ញាធរអ៉ីរ៉ង់បាញ់ប្រហារលើក្រុមបាតុករ។ «អ្នកកុំចាប់ផ្ដើមបាញ់ប្រហារឱ្យសោះ ពីព្រោះយើងក៏អាចចាប់ផ្ដើមការបាញ់ប្រហារ ដូចគ្នាដែរ»។ នេះជាការព្រមានរបស់លោក ត្រាំ។ ព្រមពេលជាមួយគ្នា ក្រុមអង្គការសិទ្ធិមនុស្សបានអះអាងថាមានបាតុកររាប់សិបនាក់បានស្លាប់ក្នុងបាតុកម្មតវ៉ាជិត២សប្ដាហ៍មកនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយ អ៉ីរ៉ង់បានរាយការណ៍ពីការប៉ះទង្គិចគ្នាដ៏ហិង្សារវាងបាតុករ និងកងកម្លាំងសន្តិសុខ ដោយក្នុងនោះក៏មានប៉ូលិសជាច្រើននាក់បានស្លាប់ផងដែរ។

បាតុកម្មតវ៉ាបានផ្ទុះឡើងកាន់តែខ្លាំងកាលពីថ្ងៃសុក្រ បន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ចេញមុខព្រមានការធ្វើបាតុកម្មដែលអាជ្ញាធរតេហេរ៉ង់ចោទប្រកាន់ថាត្រូវបានរៀបចំ និងគាំទ្រដោយសហរដ្ឋអាមេរិក ហើយគំរាមថានឹងបង្រ្កាបភាពចលាចល។ លោក Khamenei ក៏បានចោទប្រកាន់ក្រុមបាតុករដែរថាកំពុងធ្វើសកម្មភាពតំណាងឱ្យលោក ដូណាល់ ត្រាំ ជាមួយការព្រមានថា ទីក្រុងតេហេរ៉ង់នឹងមិនអត់ឱនឱ្យដាច់ខាតចំពោះអ្នកដែលធ្វើសកម្មភាពស៊ីឈ្នួលឱ្យបរទេស។

គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងប្រទេសអ៉ីរ៉ង់បានអូសបន្លាយជិត ២សប្ដាហ៍មកហើយ ដោយផ្ដើមចេញពីការខឹងសម្បារទៅនឹងវិបត្តិសេដ្ឋកិច្ច និងការឡើងថ្លៃទំនិញដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតភាព រស់នៅរបស់ប្រជាជនអ៉ីរ៉ង់៕