ក្រុមសកម្មជនអំពាវនាវឱ្យមានបាតុកម្មទូទាំងសហរដ្ឋអាមេរិក ជុំវិញការបាញ់សម្លាប់ស្ត្រីម្នាក់ដោយមន្ត្រី ICE (Video inside)

10-01-2026 16:55

(វ៉ាស៊ីនតោន)៖ ក្រុមអង្គការសិទ្ធិមនុស្ស និងអង្គការការពារសិទ្ធិជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានបាតុកម្មតវ៉ានៅទូទាំងប្រទេសនៅថ្ងៃសៅរ៍ ទី១០ ខែមករា ដើម្បីសម្ដែងការប្រឆាំងជំទាស់ទៅនឹងការបាញ់សម្លាប់សកម្មជនម្នាក់នៅក្នុងរដ្ឋ Minnesota ដោយមន្ត្រីអន្តោប្រវេសន៍អាមេរិកម្នាក់ ខណៈអាជ្ញាធរនៃរដ្ឋមួយនេះកំពុងស៊ើបអង្កេតលើ ករណីការបាញ់សម្លាប់នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ក្រុមអ្នករៀបចំបាតុកម្មតវ៉ា បាននិយាយថាមានព្រឹត្តិការណ៍ចំនួន១០០០កន្លែងត្រូវបានគ្រោងទុកថានឹងធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិកនាចុងសប្ដាហ៍នេះ ដើម្បីទាមទារឱ្យបិទបញ្ចប់ ការដាក់ពង្រាយទ្រង់ទ្រាយធំនូវមន្ត្រី​អនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគយ (ICE) តាមបទបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាពិសេសនៅតាមបណ្ដាទីក្រុងគ្រប់គ្រងដោយ គណបក្សប្រជាធិបតេយ្យ។

ទីក្រុង Minneapolis នៃរដ្ឋ Minnesota បានក្លាយជាចំណុចដ៏ក្ដៅមួយ បន្ទាប់ពីមន្ត្រី ICEម្នាក់ បានបាញ់សម្លាប់ស្រ្តីជាសកម្មជនឈ្មោះ Renee Good មានអាយុ៣៧ឆ្នាំ និងមានកូន៣នាក់នៅក្រោមបន្ទុក។ អំពើហិង្សាក៏បានផ្ទុះឡើងភ្លាមៗផងដែរក្រោយមន្ត្រីសហព័ន្ធ ២០០០នាក់ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Minneapolis។ អភិបាលរដ្ឋ Minnesota លោក Tim Walz មកពីខាងគណបក្សប្រជាធិបតេយ្យបានថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ពង្រាយនេះ។

គួរបញ្ជាក់ថា ស្ត្រីឈ្មោះ Renee Good ត្រូវបានមន្ត្រី ICE បាញ់សម្លាប់នៅក្នុងរថយន្តរបស់គាត់កាលពីថ្ងៃពុធសប្ដាហ៍នេះនៅក្នុងជម្លោះមួយ។ ហេតុការណ៍នេះបានបង្កឱ្យមាន ការខឹងសម្បារ និងផ្ទុះទៅជាបាតុកម្មតវ៉ាប្រឆាំងនឹងក្រុមមន្ត្រី ICE៕