* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋអាជ្ញាកូរ៉េខាងត្បូង ស្នើឱ្យកាត់ទោសប្រហារជីវិតលោក ​Yoon Suk Yeol ពាក់ព័ន្ធនឹងការប្រើច្បាប់អាជ្ញាសឹក (Video inside)

14-01-2026 11:00

(សេអ៊ូល)៖ រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូងបានស្នើឱ្យតុលាការកាត់ទោសប្រហារជីវិតអតីតប្រធានាធិបតី លោក Yoon Suk Yeol ពាក់ព័ន្ធនឹងបទចោទជាមេគំនិតរៀបចំ ការបះបោរមួយតាមរយៈការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កូរ៉េខាងត្បូងមិនធ្លាប់បានអនុវត្តការកាត់ទោសប្រហារជីវិតនោះទេ​ក្នុងពេលជិត ៣ទសវត្សរ៍មកនេះ។ នៅក្នុងសវនាការមួយនៅឯតុលាការ Seoul Central District កាលពីថ្ងៃអង្គារ ទី១៣ ខែមករា រដ្ឋអាជ្ញាម្នាក់បាននិយាយថាក្រុមអ្នកស៊ើបអង្កេតបានរកឃើញថាពិតជាមានការរៀបចំផែនការមួយតាមបញ្ជាដោយផ្ទាល់របស់លោក Yoon និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោក Kim Yong-hyun ចុះកាលបរិច្ឆេទកាលពីខែតុលា ឆ្នាំ២០២៣ ដើម្បីរក្សាអំណាចរបស់លោក Yoon។

រដ្ឋអាជ្ញារូបនោះបានកត់សម្គាល់ដូច្នេះថា «លោក Yoon...បានអះអាងថាការដាក់ចេញច្បាប់អាជ្ញាសឹក គឺដើម្បីការពារប្រជាធិបតេយ្យសេរី ប៉ុន្តែទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញ និង ការប្រកាសប្រើច្បាប់អាជ្ញាសឹកដោយខុសច្បាប់របស់លោកបានបំផ្លាញដំណើរការនៃរដ្ឋសភា និងគណៈកម្មការរៀបចំការបោះឆ្នោត...ព្រមទាំងបំផ្លាញប្រជាធិបតេយ្យសេរី នៅក្រោមច្បាប់រដ្ឋធម្មនុញ»។ រដ្ឋអាជ្ញាដដែលបន្ថែមថា លោក Yoon មិនបានបង្ហាញការសោកស្ដោយដោយស្មោះត្រង់នោះទេ ហើយក៏មិនបានធ្វើការសូមទោសទៅកាន់ ប្រជាជនកូរ៉េខាងត្បូងទាំងមូលនោះដែរ។

លោក Yoon ដែលមានវត្តមាននៅក្នុងសវនាការនោះដែរ បានគ្រវីក្បាល និងហាក់ដូចជាអស់សំណើច នៅពេលលោកស្ដាប់ឮរដ្ឋអាជ្ញាស្នើឱ្យតុលាការកាត់ទោសប្រហារជីវិត រូបលោក ខណៈអ្នកគាំទ្ររបស់លោកមួយចំនួនក្នុងតុលាការក៏បានសើច និងខ្លះទៀតប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ចៅក្រមប្រាប់ឱ្យរក្សាសណ្ដាប់ធ្នាប់។

គួរបញ្ជាក់ថា លោក Yoon មានអាយុ៦៥ឆ្នាំ បានច្រានចោលការចោទប្រកាន់ប្រឆាំងនឹងរូបលោក។ លោកត្រូវបានទីភ្នាក់ងារសារព័ត៌មាន​ Yonhap ដកស្រង់សម្ដីដោយ បាននិយាយថាការដែលលោកប្រកាសដាក់ច្បាប់អាជ្ញាសឹក មានគោលបំណងទប់ស្កាត់កុំឱ្យក្រុមមនុស្សទុច្ចរិតបំផ្លាញប្រទេសជាតិ ហើយថាការប្រកាសប្រើច្បាប់អាជ្ញាសឹកធ្វើឡើង ក្រោមក្របខណ្ឌនៃអំណាចជាប្រធានាធិបតីដែលច្បាប់បានអនុញ្ញាត។ តុលាការគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿងរបស់លោក Yoon នៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខ។

ប៉ុន្តែការផ្តន្ទាទោសប្រហារជីវិតស្នើឡើងដោយរដ្ឋអាជ្ញា មិនមែនសុទ្ធតែត្រូវបានរក្សាទុកជាបានការនោះទេនៅក្នុងតុលាការកូរ៉េខាងត្បូង។ តួយ៉ាង នៅចន្លោះពីឆ្នាំ១៩៩៥-១៩៩៦ អតីតប្រធានាធិបតីកូរ៉េខាងត្បូង២រូប គឺលោក Chun Doo-hwan និង Roh Tae-woo ដែលត្រូវបានចោទប្រកាន់ពីបទបះបោរ ក៏ធ្លាប់ត្រូវបានរដ្ឋអាជ្ញាស្នើឱ្យកាត់ទោសប្រហារជីវិត និងដាក់ពន្ធនាគារអស់មួយជីវិតផងដែរ។ នៅពេលនោះ តុលាការជាន់ទាបកូរ៉េខាងត្បូងបានផ្តន្ទាទោសប្រហារជីវិតលោក Chun និងដាក់ពន្ធនាគារលោក Roh ២២ឆ្នាំកន្លះ មុននឹង សាលាឧទ្ធរណ៍បានបន្ធូរបន្ថយទោសលោក Chun ទៅជាជាប់ពន្ធនាគារអស់មួយជីវិត និងជាប់ពន្ធនាគារ ១៧ឆ្នាំសម្រាប់លោក Roh។

តែក្រោយមក អតីតប្រធានាធិបតីទាំង២ទទួលបានការលើកលែងទោសប្រធានាធិបតី ក្រោយចំណាយពេល២ឆ្នាំ ក្នុងពន្ធនាគារ។ តុលាការកូរ៉េខាងត្បូងបានចេញសាលក្រមផ្តន្ទាទោស ទោសប្រហារជីវិតលើកចុងក្រោយបំផុតកាលពីឆ្នាំ២០១៦ តែមិនមាននរណាម្នាក់ត្រូវបានប្រហារជីវិតនោះទេ ចាប់តាំងពីឆ្នាំ១៩៩៧មក៕