ប្រធានាធិបតីកូឡុំប៊ី នឹងទៅជួបលោក ត្រាំ នៅសហរដ្ឋអាមេរិក នាដើមខែក្រោយ (Video inside)
15-01-2026 13:27
(បូហ្គោតា)៖ នាថ្ងៃពុធ ទី១៤ ខែមករា ប្រធានាធិបតីនៃប្រទេសកូឡុំប៊ី លោក Gustavo Petro បានប្រកាសថា រូបលោកនឹងជួប ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិក នាថ្ងៃទី៣ ខែកុម្ភៈ ដើម្បីជជែកអំពីភាពតានតឹងផ្នែកការទូត ព្រមទាំងអំពីយុទ្ធនាការយោធារបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងតំបន់អាមេរិកឡាទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Petro បាននិយាយដូច្នេះថា «យើងនឹងរង់ចាំមើលទាំងអស់គ្នា នូវលទ្ធផលនៃជំនួបនោះ»។ ទស្សនកិច្ចរបស់លោក Petro ទៅកាន់សហរដ្ឋអាមេរិក នឹងកើតឡើងក្រោយសង្រ្គាមពាក្យសម្តីជាមួយលោក ត្រាំ ដែលបានគំរាមធ្វើសកម្មភាពយោធានៅកូឡុំប៊ី និងបន្ទាប់ពីការវាយប្រហាររបស់អាមេរិកលើទីក្រុងការ៉ាកាស ដើម្បីចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមខែមករានេះ។
ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងបូហ្គោតា មានកិច្ចសហប្រតិបត្តិការសន្តិសុខល្អជាមួយគ្នា អស់រយៈពេលជាច្រើនទសវត្សរ៍ ប៉ុន្តែទំនាក់ទំនងបានធ្លាក់ដុនដាប ចាប់តាំងពីលោក ត្រាំ បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីខែមករា ឆ្នាំ២០២៥។ លោក Petro គឺជាមេដឹកនាំបរទេសមួយរូប ដែលបាននិយាយរិះគន់ធ្ងន់ៗលើលោក ត្រាំ និងបានប្រកាសប្រឆាំងដោយបើកចំហ ចំពោះគោលដៅសំខាន់របស់លោក ត្រាំ ក្នុងការបណ្តេញជនអន្តោប្រវេសន៍។
គួរបញ្ជាក់ថា ក្រោយការចាប់ខ្លួនលោក Maduro លោក ត្រាំ បានចោទប្រកាន់លោកប្រធានាធិបតីកូឡុំប៊ីថា ពាក់ព័ន្ធអំពើជួញដូរគ្រឿងញៀន ហើយរដ្ឋបាលលោក ត្រាំ បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើលោក Petro និងគ្រួសារលោក។ ប៉ុន្តែក្រោយមក មេដឹកនាំទាំងពីរក៏បានសន្ទនាតាមទូរសព្ទ ហើយបានឯកភាពគ្នាជួបពិភាក្សាផ្ទាល់ ដើម្បីដោះស្រាយភាពតានតឹង៕




