ជប៉ុននិងហ្វីលីពីន ចុះកិច្ចព្រមព្រៀងសន្តិសុខថ្មី ស្របពេលភាពតានតឹងក្នុងតំបន់កើនឡើង (Video inside)
15-01-2026 14:45
(ម៉ានីល)៖ នាថ្ងៃព្រហស្បតិ៍នេះ ហ្វីលីពីននិងជប៉ុន បានចុះកិច្ចព្រមព្រៀងការពារជាតិថ្មីចំនួន២ ស្របពេលដែលប្រទេសទាំងពីរ ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីឆ្លើយតបការកើនឡើងនៃភាពតានតឹងក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦។
ក្នុងនោះរួមមានកិច្ចព្រមព្រៀងមួយ អនុញ្ញាតឱ្យយោធានៃប្រទេសទាំងពីរ អាចដោះដូរសម្ភារផ្គត់ផ្គង់និងសេវាកម្មយ៉ាងឆាប់រហ័ស ហើយការចុះកិច្ចព្រមព្រៀងការពារជាតិនេះ កើតមានឡើង បន្ទាប់ពីកិច្ចព្រមព្រៀងដ៏សំខាន់មួយ ស្តីពីការដាក់ពង្រាយកងទ័ពទៅវិញទៅមករវាងប្រទេសទាំងពីរ ដែលសុទ្ធតែជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៉ីនតោន នៅក្នុងតំបន់អាស៉ី បានចូលជាធរមាន កាលពីឆ្នាំមុន។
ការចុះកិច្ចព្រមព្រៀងខាងលើធ្វើឡើង ក្រោមវត្តមានរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi និងសមភាគីហ្វីលីពីន លោកស្រី Theresa Lazaro នៅទីក្រុងម៉ានីល ហើយរដ្ឋមន្រ្តីទាំងពីរក៏បានប្រកាសផងដែរ នូវជំនួយសន្តិសុខចំនួន៦លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពជើងទឹករបស់ហ្វីលីពីន។
គួរបញ្ជាក់ថា ជប៉ុនបានបង្ហាញក្តីបារម្ភ អំពីការកើនឡើងនៃភាពតានតឹងដែនសមុទ្រ នៅតំបន់សមុទ្រចិនខាងកើត ដោយជំទាស់រាល់ការប៉ុនប៉ងនានាបែបឯកតោភាគី ដែលចង់ផ្លាស់ប្តូរស្ថានភាពដើម ហើយគាំទ្រសន្តិសុខដែនសមុទ្ររបស់ហ្វីលីពីន ក្រោមក្របខណ្ឌសន្តិសុខត្រីភាគីជាមួយសហរដ្ឋអាមេរិក។ ជប៉ុនក៏បានព្រមានផងដែរថា សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺសំខាន់ជាខ្លាំងចំពោះសន្តិសុខពិភពលោក ហើយការអត្ថាធិប្បាយរបស់នាយករដ្ឋមន្រ្តីជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំមុន ដែលថាបើចិនវាយប្រហារលើតៃវ៉ាន់ នោះអាចនឹងនាំឱ្យមានការឆ្លើយតបយោធាពីទីក្រុងតូក្យូ បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង៕





