តៃវ៉ាន់ថានៅមានគម្រោងលក់សព្វាវុធបន្ថែមទៀតរបស់អាមេរិក ដែលកំពុងរង់ចាំការអនុម័ត (Video inside)

15-01-2026 15:05

(តៃប៉ិ)៖ មន្រ្តីការពារជាតិជាន់ខ្ពស់មួយរូបរបស់តៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការលក់អាវុធរបស់អាមេរិកមកឱ្យតៃវ៉ាន់ នៅមានចំនួន៤គម្រោងទៀត ដែលកំពុងរង់ចាំការអនុម័ត ក្រោយការប្រកាសអំពីកញ្ចប់សព្វាវុធតម្លៃ១១ពាន់លានដុល្លារ កាលពី​ខែធ្នូ ចុងឆ្នាំមុន ដែលជាទំហំធំបំផុតសម្រាប់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ អនុរដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក Hsu Szu-chien បាននិយាយថា គម្រោងលក់សព្វាវុធចំនួន៤ទៀតសម្រាប់តៃវ៉ាន់ មិនទាន់ត្រូវបានជូនដំណឹងជាផ្លូវការ ទៅកាន់សភាអាមរិក នៅឡើយទេ ខណៈវាគឺជានីតិវិធីទូទៅ នៃការអនុម័តគម្រោងលក់អាវុធរបស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញ លោក Hsu មិនបាន​ប្រាប់លម្អិតអំពីគម្រោងទាំងនោះឡើយ។

គួរបញ្ជាក់ថា ក្នុងគម្រោងលក់សព្វាវុធដែលប្រកាសកាលពីខែមុន គឺរួមមានសម្ភារសរុបចំនួន៨មុខ ដូចជាប្រព័ន្ធបាញ់រ៉ុក្កែត HIMARS របស់ក្រុមហ៊ុន Lockheed Martin និងយន្តហោះដ្រូនពាំគ្រាប់បែករបស់ក្រុមហ៊ុន Altius ជាដើម។ កាលពីខែវិច្ឆិកា មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានបញ្ចេញកញ្ចប់ថវិកាបន្ថែម៤០ពាន់លានដុល្លារ សម្រាប់ការចំណាយលើយោធា រហូតដល់ឆ្នាំ២០៣៣ ដើម្បីគូសរំលេចពីការប្តេជ្ញារបស់តៃវ៉ាន់ ក្នុងការការពារខ្លួនប្រឆាំងការគំរាមកំហែង ដែលកាន់តែកើនឡើង​ពីសំណាក់ចិន៕