ប្រេងធ្លាក់ថ្លៃ៣ភាគរយ ខណៈអ្នកវិភាគយល់ឃើញថា ដោយសារតែការអត្ថាធិប្បាយរបស់ លោក ត្រាំ អំពីអ៉ីរ៉ង់
15-01-2026 15:31
(AFP)៖ តម្លៃប្រេង នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា បានធ្លាក់ចុះខ្ទង់ ៣ភាគរយ ក្រោយការភ័យខ្លាចពីអស្ថិរភាព ដែលកើតចេញពីបាតុកម្មនៅអ៊ីរ៉ង់ ត្រូវបានបន្ធូរបន្ថយ តាមរយៈការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តម្លៃប្រេងឆៅ West Texas Intermediate បានធ្លាក់ចុះ ៣ភាគរយ មកត្រឹម ៦០.១៦ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ Brent ធ្លាក់ចុះ ២.៩៣ភាគរយ មកត្រឹម ៦៤.៥៧ដុល្លារ បន្ទាប់ពីលោក ត្រាំ និយាយថា លោកបានទទួលដំណឹងថា ការសម្លាប់បាតុករនៅអ៉ីរ៉ង់ បានបញ្ឈប់ហើយ។
នាយកគេហទំព័រជួញដូរ Capital.com លោក Kyle Rodda និយាយថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក បានបន្ថយភាពភ័យខ្លាចក្នុងទីផ្សារថាមពល។ ចំណែកអ្នកវិភាគនៃក្រុមហិរញ្ញវត្ថុ MUFG លោក Michael Wan និយាយថា លោក ត្រាំ បានអះអាងនៅពេលដែលសហរដ្ឋអាមេរិក ដកបុគ្គលិកយោធាមួយចំនួនចេញពីកាតា និងមូលដ្ឋានអាមេរិកផ្សេងទៀត ដែលរងការគំរាមកំហែងថានឹងកំណត់គោលដៅ។ តាមការកត់សម្គាល់របស់លោក Wan ក្នុងសប្តាហ៍នេះ អ៉ីរ៉ង់ រួមចំណែក ៣ភាគរយនៃផលិតកម្មប្រេងពិភពលោក៕






