ដែនអាកាសអ៉ីរ៉ង់ បានបើកឡើងវិញ ក្រោយបិទអស់ ៥ម៉ោង (Video inside)

15-01-2026 15:58

(វ៉ាស៉ីនតោន)៖ ប្រទេសអ៉ីរ៉ង់ បានបើកដែនអាកាសឡើងវិញហើយ បន្ទាប់ពីអស់បិទជិត ៥ម៉ោង ចំពេលមានក្តីបារម្ភពី សកម្មភាពយោធា រវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ ដែលបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានា លុបចោល ប្តូរផ្លូវ ឬពន្យារពេលជើងហោះហើរមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ ២០២៦។

ដែនអាកាសអ៉ីរ៉ង់ បានបិទនៅវេលាយប់ថ្ងៃពុធ លើកលែងតែជើងហោះហើយអន្តរជាតិចេញ-ចូលអ៉ីរ៉ង់។ ក្រោយមក សេចក្តីជូនដំណឹងអំពីការបិទដែនអាកាស ត្រូវបានដកចេញវិញ។ គេហទំព័រតាមដានការហោះហើរ Flightradar24 បានឱ្យដឹងថា ជើងហោះហើរចំនួន ៥ ពីក្រុមហ៊ុនអាកាសចរណ៍អ៉ីរ៉ង់ ដូចជា Mahan Air, Yazd ⁠Airways និង AVA Airlines ស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលចាប់ផ្តើមការហោះហើរក្នុងប្រទេស។

ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន CNA ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines (SIA) និង Scoot ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន មិនបានធ្វើប្រតិបត្តិការហោះហើរលើដែនអាកាសអ៉ីរ៉ង់ទេ។ តាមគេហទំព័ររបស់ OPSGROUP ដែលជាសមាគមចែករំលែកព័ត៌មានហានិភ័យនៃការហោះហើរ «ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានកាត់បន្ថយ ឬផ្អាកសេវាកម្មរួចទៅហើយ។ យន្តហោះភាគច្រើន កំពុងចៀសវាងពីដែនអាកាសអ៉ីរ៉ង់»