ឥណ្ឌូណេស៉ី រំដោះកម្មករ ១៨នាក់ពីដៃក្រុមឧទ្ទាម នៅលើតំបន់កោះ Papua
15-01-2026 16:28
(ហ្សាការតា)៖ យោធាឥណ្ឌូណេស៉ី បានជួយសង្រ្គោះកម្មករចំនួន ១៨នាក់ ដែលត្រូវក្រុមឧទ្ទាមប្រដាប់អាវុធ ចាប់ខ្លួនអស់រយៈពេល ៣ថ្ងៃមកហើយ នៅទីតាំងរុករករ៉ែមាស និងទង់ដែង Freeport ក្នុងតំបន់កោះប៉ាពួ ប្រទេសឥណ្ឌូណេស៉ី ដែលញាំញីដោយការបះបោរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ ២០២៦។
ក្រុមចលនាប៉ាពួសេរី (Free Papua Movement) បាននិយាយថា ពួកគេកំពុងប្រយុទ្ធដើម្បីអបគមន៍នៃតំបន់ ចេញពីឥណ្ឌូណេស៉ី និងបានគ្រប់គ្រងពាក់កណ្តាលនៃកោះ ដែលសម្បូរទៅដោយធនធានចាប់តាំងពីឆ្នាំ ១៩៦៩។ ផ្នែកពាក់កណ្តាលទៀតនៃ ប៉ាពួដែលជាកោះប៉ាស៉ីហ្វិកដ៏ធំល្វឹងល្វើយ និងក្នុងចំណោមកោះធំៗបំផុតលើពិភពលោក គឺជាប្រទេសប៉ាពួរអាស៉ីនូវែហ្គីណេ Papua New Guinea ដែលស្ថិតនៅភាគខាងជើងប្រទេសអូស្ត្រាលី។
អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៉ី លោក Rico Ricardo បានឱ្យដឹងថា កម្មករកំពុងជួសជុលប៉មអគ្គិសនីរបស់ Freeport ក្នុងស្រុក Tembagapura ខេត្ត Papua ភាគកណ្តាល នៅពេលក្រុមឧទ្ទាមឡោមព័ទ្ធពួកគេ កាលពីសប្តាហ៍មុន។ លោកបន្ថែមថា ពួកគេបានបំភិតបំភ័យកម្មករ បាញ់ប្រហារដើម្បីបំបាក់ស្មារតី ឬបង្កបញ្ហាផ្លូវចិត្ត។ យោធាបានប្រើដ្រូន ដើម្បីចែកចាយអាហារ និងថ្នាំដល់កម្មករ មុនជម្លៀសពួកគេទៅកាន់កន្លែងមានសុវត្ថិភាព បន្ទាប់ពីរយៈពេល ៣ថ្ងៃ៕




