វិមានក្រឹមឡាំងយល់ស្របនឹងលោក ត្រាំ ថា លោក ហ្សេលេនស្គី ជាអ្នករារាំងកិច្ចព្រមព្រៀងសន្តិភាព (Video inside)

15-01-2026 18:38

(មូស្គូ)៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីយល់ស្របទាំងស្រុងទៅនឹងការវាយតម្លៃរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាគឺប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទេដែលកំពុងរារាំងកិច្ចព្រមព្រៀងសន្តិភាព មិនមែនរុស្ស៊ីនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Reuters លោក ត្រាំ បានថ្លែងថា «ខ្ញុំគិតថាគាត់ (ពូទីន) ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើកិច្ចព្រមព្រៀង...ប៉ុន្តែអ៊ុយក្រែនមិនសូវត្រៀមខ្លួនទេ»។ ហើយនៅពេលសួរថា ហេតុអ្វីការចរចាមិនទាន់ដោះស្រាយបាន លោក ត្រាំ បានឆ្លើយថា «មកពីលោក ហ្សេលេនស្គី»។

ចំពោះការលើកឡើងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានសម្តែងការគាំទ្រ ដោយថ្លែងថា «ខ្ញុំយល់ស្រប នោះពិតជាករណីជាក់ស្តែង។ លោកប្រធានាធិបតី ពូទីន នៅតែបើកចំហចំពោះកិច្ចពិភាក្សា»។

គួរបញ្ជាក់ថា អាមេរិកបានស្នើឱ្យបង្កើត «តំបន់សេដ្ឋកិច្ចពិសេស» ប្រសិនបើអ៊ុយក្រែនយល់ព្រមដកទ័ពចេញពីតំបន់ដែលរុស្ស៊ីទាមទារ។ លោក ប៉េស្កូវ ក៏បានបញ្ជាក់ដែរថា រុស្ស៊ីស្វាគមន៍ដំណើរទស្សនកិច្ចរបស់បេសកជនលោក ត្រាំ គឺលោក ស្ទីវ វីតកុហ្វ និងកូនប្រសារលោក ចារ៉េដ គូសនឺ មកកាន់វិមានក្រឹមឡាំង ដើម្បីបន្តកិច្ចពិភាក្សា៕