ឥណ្ឌូណេស៊ី តម្រូវឱ្យមានវិញ្ញាបនបត្រ Halal ជាកាតព្វកិច្ចចាប់ពីខែតុលា ឆ្នាំ២០២៦ (Video inside)

15-01-2026 20:01

(ហ្សាការតា)៖ ទីភ្នាក់ងារបញ្ជាក់ផលិតផលហាឡាលរបស់ឥណ្ឌូណេស៊ី (BPJPH) បានប្រកាសថា ខ្លួននឹងអនុវត្តវិញ្ញាបនបត្រហាឡាល (Halal) ជាកាតព្វកិច្ចសម្រាប់ផលិតផលហាឡាលទាំងអស់ ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ ដើម្បីបង្កើនភាពប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអារ៉ាប់។

បទប្បញ្ញត្តិនេះនឹងតម្រូវឱ្យទំនិញប្រើប្រាស់ និងភោជនីយដ្ឋានភាគច្រើន រួមទាំងផលិតផលនាំចូល ត្រូវតែមានស្លាកសញ្ញាហាឡាលត្រឹមថ្ងៃទី១៧ ខែតុលា។ ច្បាប់នេះអនុវត្តចំពោះអាជីវកម្មគ្រប់ប្រភេទ រួមទាំងសហគ្រាសខ្នាតតូច និងមធ្យម និងគ្របដណ្តប់លើផលិតផលម្ហូបអាហារ ភេសជ្ជៈ ឱសថបុរាណ អាហារបំប៉ន និងគ្រឿងសំអាង។

លោក អាម៉ាត់ ហៃកាល់ (Ahmad Haikal) ប្រធានទីភ្នាក់ងារបញ្ជាក់ផលិតផលហាឡាលរបស់ឥណ្ឌូណេស៊ី បានលើកឡើងថា «ហាឡាលតំណាងឱ្យអនាម័យ សុខភាព សុវត្ថិភាព និងគុណភាពផលិតផល... គោលដៅចុងក្រោយគឺធ្វើឱ្យផលិតផលហាឡាលឥណ្ឌូណេស៊ីកាន់តែមានភាពប្រកួតប្រជែង និងដាក់ឥណ្ឌូណេស៊ីជាមជ្ឈមណ្ឌលហាឡាលរបស់ពិភពលោក»។

គួរបញ្ជាក់ថា ដំណាក់កាលទីមួយត្រូវបានអនុវត្តនៅខែតុលា ឆ្នាំ២០២៤ សម្រាប់អាជីវកម្មធំៗ។ ផលិតផលដែលមិនមានវិញ្ញាបនបត្រហាឡាល តម្រូវឱ្យប្រកាសជាសាធារណៈថាពួកគេមិនអនុលោមតាមច្បាប់ឥស្លាម៕