ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងតួកគី ត្រៀមចុះកិច្ចព្រមព្រៀងការពារជាតិត្រីភាគី (Video inside)

15-01-2026 21:46

(អ៊ីស្លាម៉ាបាដ/អ៊ីស្តង់ប៊ុល)៖ រដ្ឋមន្ត្រីប៉ាគីស្ថានបានប្រកាសថា ប្រទេសប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងតួកគី បានរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងការពារជាតិមួយ បន្ទាប់ពីមានកិច្ចចរចាអស់រយៈពេលជិតមួយឆ្នាំ ដែលជាសញ្ញានៃការពង្រឹងសន្តិសុខរួមគ្នានៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីផលិតកម្មការពារជាតិប៉ាគីស្ថាន លោក Raza Hayat Harrajបានបញ្ជាក់ថា «កិច្ចព្រមព្រៀងត្រីភាគី...កំពុងស្ថិតក្នុងដំណើរការហើយ។ សេចក្តីព្រាងមាននៅក្នុងដៃប្រទេសទាំងបី ហើយយើងបានពិចារណាលើរឿងនេះអស់រយៈពេល ១០ខែមកហើយ»។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសតួកគី លោក ហាខាន់ ហ្វីដាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ទោះបីជាមានកិច្ចពិភាក្សាក៏ដោយ ក៏មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ។ លោកបានសង្កត់ធ្ងន់លើចក្ខុវិស័យរបស់ប្រធានាធិបតី Erdogan ក្នុងការបង្កើត «វេទិកាសហប្រតិបត្តិការសន្តិសុខ» ក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាអស្ថិរភាព និងអំពើភេរវកម្ម៕