លោក ពូទីន អះអាងថាពិភពលោកកាន់តែមានគ្រោះថ្នាក់ តែបន្តស្ងៀមស្ងាត់ជុំវិញរឿងលោក ម៉ាឌូរ៉ូ និងអ៉ីរ៉ង់ (Video inside)

16-01-2026 09:58

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា បាននិយាយថាស្ថានការណ៍របស់ពិភពលោកកាន់ធ្លាក់ចុះដុនដាប និងកាន់តែមានគ្រោះថ្នាក់ ប៉ុន្តែលោកមិនបាន ហើបមាត់និយាយពីស្ថានការណ៍នៅវ៉េណេស៊ុយអេឡា និងអ៉ីរ៉ង់ដែលសុទ្ធសឹងតែជាសម្ព័ន្ធមិត្តរបស់រុស្ស៉ីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។​

លោក ពូទីន មកទល់នឹងពេលនេះមិនបាននិយាយសាធារណៈពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡា និងការចាប់ខ្លួនប្រធានាធិបតីនៃប្រទេសនេះ លោក នីកូឡាស់ ម៉ាឌូរ៉ូ បាតុកម្មនៅអ៉ីរ៉ង់ ឬក៏ការគំរាមដណ្ដើមគ្រប់គ្រងដែនដី Greenland របស់លោក ត្រាំ នោះទេ។ ក្នុងសុន្ទរកថាមួយទៅកាន់បណ្ដាឯកអគ្គរដ្ឋទូតថ្មីដែលបង្ហាញសារតាំងរបស់ពួកគេ នៅឯវិមានក្រឹមឡាំង លោក ពូទីន បាននិយាយទាំងទឹកមុខញញឹមថា «ស្ថានការណ៍នៅលើឆាកអន្តរជាតិកាន់តែធ្លាក់ចុះដុនដាប។ ខ្ញុំមិនគិតនោះទេថាមាននរណាម្នាក់អះអាងផ្សេងពីនេះ ស្របពេល ជម្លោះយូរអង្វែងកាន់តែឡើងកម្ដៅ និងស្ថានការណ៍ក្ដៅថ្មីៗជាច្រើនកំពុងលេចរូបរាងឡើង»

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាដដែល លោក ពូទីនក៏មិនបានលើកឡើងចំឈ្មោះសហរដ្ឋអាមេរិក ឬលោក ត្រាំនោះដែរ៕