អាមេរិក និងតៃវ៉ាន់ សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលផ្តោតលើបន្ទះឈីបអេឡិចត្រូនិក (Video inside)
16-01-2026 10:56
(វ៉ាស៉ីនតោន)៖ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា សហរដ្ឋអាមេរិក និងតៃវ៉ាន់ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលនឹងទម្លាក់អត្រាពន្ធលើផលិតផលនាំចេញច្រើនមុខ របស់ក្រុមហ៊ុនផលិតបន្ទះឈីប (Chip) ជាមួយការដឹកនាំផ្ទាល់លើការវិនិយោគក្នុងឧស្សាហកម្មបច្ចេកវិទ្យាអាមេរិក និងបង្កហានិភ័យធ្វើឱ្យចិនខឹងសម្បារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រោមកិច្ចព្រមព្រៀងដែលចរចាគ្នាអស់រយៈពេលជាយូរមកហើយ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ ដូចជា TSMC ដែលមានសាខានៅអាមេរិក នឹងត្រូវគិតពន្ធទាបជាងមុន លើឧបករណ៍អេឡិចត្រូនិក ឬសម្ភារបច្ចេកវិទ្យា និងផលិតផលពាក់ព័ន្ធដទៃដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិក ហើយមួយចំនួនអាចមិនគិតពន្ធទៀតផង។ ចំណែក ពន្ធគយលើទំនិញនាំចេញភាគច្រើនរបស់តៃវ៉ាន់ ទៅកាន់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះពីអត្រា ២០ភាគរយមកនៅត្រឹម ១៥ភាគរយ។
តៃវ៉ាន់ បានឱ្យដឹងថា ផលិតផលឱសថទូទៅ គ្រឿងបន្លាស់យន្តហោះ និងធនធានធម្មជាតិដែលមិនទាន់អាចប្រើប្រាស់បាន មិនត្រូវបានគិតពន្ធទេ។ ប៉ុន្តែសហរដ្ឋអាមេរិក ត្រូវប្រាកដចិត្តថាតៃវ៉ាន់មិនប្រព្រឹត្តខុសឆ្គង ពុំនោះទេពន្ធលើបន្ទះឈីប នឹងត្រូវដំឡើងនៅពេលក្រោយ។
ជាថ្នូរមកវិញ ក្រុមហ៊ុនតៃវ៉ាន់នឹងវិនិយោគ ២៥០ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតឧបករណ៍អេឡិចត្រូនិក ថាមពល និងបញ្ញាសិប្បនិម្មិត (AI) នៅក្នុងសហរដ្ឋអាមេរិក។ ក្នុងនោះរួមបញ្ចូលទាំង ១០០ពាន់លានដុល្លារ ដែល TSMC បានសន្យាក្នុងឆ្នាំ ២០២៥ ជាមួយការបន្ថែមច្រើនទៀត។ នេះជាការបញ្ជាក់របស់លោក Howard Lutnick រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក។ រដ្ឋបាលលោក ត្រាំ បានឱ្យដឹងថា តៃវ៉ាន់ក៏នឹងតម្កល់ឥណទានបន្ថែមចំនួន ២៥០ពាន់លានដុល្លារ ដើម្បីសម្រួលដល់ការវិនិយោគបន្ថែមផងដែរ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ធ្វើឱ្យចំណងមិត្តភាពនៃរដ្ឋបាលលោក ត្រាំ ជាមួយទីក្រុងតៃប៉ិ កាន់តែស៉ីជម្រៅ នៅពេលដែលចិន កំពុងបង្កើនសម្ពាធលើកោះដែលខ្លួនចាត់ទុកជាខេត្តមួយ ហើយទីក្រុងវ៉ាស៉ីនតោន ខិតខំបញ្ចៀសសង្គ្រាមពាណិជ្ជកម្មពេញលេញ ជាមួយទីក្រុងប៉េកាំង៕







