នាយករដ្ឋមន្ត្រីកាណាដា Mark Carney ស្វាគមន៍ទំនាក់ទំនងកក់ក្តៅជាមួយចិន និងចុះកិច្ចព្រមព្រៀងថាមពល (Video inside)

16-01-2026 11:48

(ប៉េកាំង)៖ លោកនាយករដ្ឋមន្ត្រី Mark Carney បានសាទរដល់ភាពប្រសើរឡើងនៃទំនាក់ទំនងរវាងកាណាដា និងចិន និងជាមួយមេដឹកនាំលោក ស៉ី ជីនពីង ហើយថាកាណាដា-ចិន កំពុងរៀបចំផែនការកិច្ចសហប្រតិបត្តិការថ្មីមួយ ចំពោះមុខការបែកចែក និងភាពចលាចលជាសកល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ ២០២៦។

លោក Carney បានប្រាប់សមាជិកសភាជាន់ខ្ពស់ចិន លោក Zhao Leji ក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង យ៉ាងដូច្នេះថា «យើងត្រូវបានជំរុញទឹកចិត្ត ដោយភាពជាអ្នកដឹកនាំរបស់លោកប្រធានាធិបតី ស៉ី ជីនពីង និងដំណើរការរីកចម្រើនក្នុងទំនាក់ទំនង។ ការណ៍នេះ ជួយរៀបចំ​ឆាក​ពិភាក្សា​លើ​បញ្ហាច្រើន ​ដែល​អាចឱ្យយើង​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ ចាប់ពីវិស័យ​ថាមពល​ដល់​កសិកម្ម ចំណង​ទាក់ទងរវាងប្រជាជន​ និងប្រជាជន ពហុភាគី​និយម រហូតដល់​បញ្ហា​សន្តិសុខ»

ក្នុងកិច្ចប្រជុំដាច់ដោយឡែកជាមួយ លោក Li Qiang នាយករដ្ឋមន្ត្រីចិន លោក Carney គូសបញ្ជាក់ថា «ក្រុមការងាររបស់យើងខិតខំណាស់ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម និងបង្កើតឱកាសថ្មីៗ»។ តាមរដ្ឋមន្ត្រីឧស្សាហកម្មកាណាដា លោកស្រី Melanie Joly ការពិភាក្សាអំពីពន្ធគយលើរថយន្តអគ្គិសនីចិន ក៏កំពុងដំណើរការផងដែរ។

នៅក្នុងផែនទីបង្ហាញផ្លូវពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសទាំងពីរប្តេជ្ញា រក្សាបណ្តាញទំនាក់ទំនងបើកចំហ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មផលិតផលកសិកម្ម។ ជុំវិញវិស័យថាមពល ភាគីទាំងពីរមានគម្រោងស្វែងយល់ពីការអភិវឌ្ឍប្រេង និងឧស្ម័ន ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើពាណិជ្ជកម្មរ៉ែអ៊ុយរ៉ាញ៉ូមធម្មជាតិ។

គួរបញ្ជាក់ថា លោក Carney កំពុងស្ថិតក្នុងប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ និងជាលើកដំបូងដោយនាយករដ្ឋមន្ត្រីកាណាដា ចាប់តាំងពីឆ្នាំ ២០១៧ ដែលអនុវត្តតាមជំនួបវិជ្ជមានជាមួយលោក ស៉ី កាលពីខែតុលា នៅក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកទាំងពីរគ្រោងជួបគ្នាម្តងទៀត នាថ្ងៃសុក្រនេះ៕