លោក ហ្សេលេនស្គី ថាអ៊ុយក្រែនមិនមែនជាឧបសគ្គនៃសន្តិភាព ជាការឆ្លើយតបនឹងលោក ត្រាំ (Video inside)
16-01-2026 14:44
(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនមិនមែនជាឧបសគ្គរារាំងសន្តិភាពនោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថាមិនមែនរុស្ស៉ីទេ ដែលជាអ្នកពន្យារពេលកិច្ចព្រមព្រៀងសន្តិភាព តែគឺជាអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ ២០២៦។
លោក ហ្សេលេនស្គី បាននិយាយដោយសំដៅទៅការសន្ទនាតាមទូរស័ព្ទ ជាមួយអគ្គលេខាធិការណាតូ (NATO) លោក Mark Rutte ដូច្នេះថា «យើងក៏បាននិយាយពីមធ្យោបាយការទូត ជាមួយអាមេរិកដែរ។ អ៊ុយក្រែនមិនដែល ហើយក៏មិនចង់ក្លាយជាឧសគ្គនៃសន្តិភាព»។ តាមលោក ហ្សេលេនស្គី ការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៉ី ទៅលើទីតាំងថាមពលអ៊ុយក្រែន និងគោលដៅផ្សេងទៀត បង្ហាញថាទីក្រុងមូស្គូមិនចង់បានសន្តិភាព។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters កាលពីថ្ងៃពុធ ទី១៤ ខែមករា លោក ត្រាំ បានលើកឡើងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនជាស្រេច ដើម្បីបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែន ដែលអូសបន្លាយពេលជិត៤ឆ្នាំមកនេះ។ ផ្ទុយទៅវិញ គឺលោក ហ្សេលេនស្គីដែលនៅតែរារែកចិត្ត។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៉ីក៏យល់ស្របជាមួយលោក ត្រាំ ដែរថាអ៊ុយក្រែន កំពុងពន្យារពេលធ្វើកិច្ចព្រមព្រៀង៕




