អតីតប្រធានាធិបតីកូរ៉ខាងត្បូង Yoon Suk Yeol ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ក្នុងសំណុំរឿងពាក់ព័ន្ធច្បាប់អាជ្ញាសឹក (Video inside)
16-01-2026 14:46
(សេអ៊ូល)៖ នាថ្ងៃសុក្រនេះ តុលាការនៅប្រទេសកូរ៉េខាងត្បូង បានផ្តន្ទាទោសអតីតប្រធានាធិបតី លោក Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ក្រោមបទចោទប្រកាន់មួយចំនួន ដែលពាក់ព័ន្ធទៅនឹងការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦។
តុលាការនៅទីក្រុងសេអ៊ូល បានសម្រេចថាលោក Yoon ពិតជាមានទោសពីបទរារាំងអាជ្ញាធរអនុវត្តដីកាចាប់ខ្លួនរូបលោក ទាក់ទិននឹងការប្រកាសច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះ លោក Yoon ក៏ត្រូវបានរកឃើញមានទោសផងដែរពីបទប្រឌិតឯកសារផ្លូវការ និងពីបទមិនគោរពតាមនីតិវិធីច្បាប់ ដែលចាំបាច់ដើម្បីប្រកាសច្បាប់អាជ្ញាសឹក។ សាលក្រមផ្តន្ទាទោសនេះ គឺជាសាលក្រមដំបូងបង្អស់ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌជាច្រើន ដែលលោក Yoon កំពុងតែប្រឈមមុខ ដោយសាររឿងច្បាប់អាជ្ញាសឹក ហើយវាអាចត្រូវប្តឹងជំទាស់បាន។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ នៅប្រឈមសំណុំរឿងផ្សេងទៀត រួមមានទាំងបទចោទប្រកាន់ដឹកនាំការបះបោរ តាមរយៈការដាក់ប្រទេសក្រោមអាជ្ញាសឹក ហើយរដ្ឋអាជ្ញាពិសេសបានស្នើឱ្យតុលាការ ផ្តន្ទាទោសប្រហារជាអតិបរមាលើរូបលោក គឺប្រហារជីវិត។ តុលាការត្រូវបានរំពឹងថា នឹងប្រកាសសាលក្រមសម្រាប់សំណុំរឿងនោះ នៅថ្ងៃទី១៩ ខែកុម្ភៈ៕






