មីយ៉ាន់ម៉ា បដិសេធការចោទប្រកាន់រឿងប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា ដោយចាត់ទុកថា «គ្មានមូលដ្ឋាន» (Video inside)

16-01-2026 19:15

(ឡាអេ)៖ មីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានច្រានចោលចំពោះការចោទប្រកាន់ដែលថា យោធាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយបានប្រាប់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថា ការបង្ក្រាបរបស់យោធាគឺជា «ប្រតិបត្តិការប្រឆាំងភេរវកម្ម» ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការិយាល័យប្រធានាធិបតី លោក កូ កូ ឡាំង (Ko Ko Hlaing) បានថ្លែងការពារនៅចំពោះមុខតុលាការថា «សំណុំរឿងនេះនឹងត្រូវសម្រេចដោយផ្អែកលើការពិត មិនមែនការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ទេ»។ ទន្ទឹមគ្នានេះ លោកបានព្រមានថា ការសម្រេចថាមានអំពើប្រល័យពូជសាសន៍ នឹងក្លាយជា «ស្នាមប្រឡាក់ដែលមិនអាចលុបបាន» សម្រាប់កេរ្តិ៍ឈ្មោះប្រទេសរបស់លោក។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាតែងតែការពារថា ប្រតិបត្តិការបោសសម្អាតឆ្នាំ២០១៧ របស់កងទ័ពខ្លួន គឺជារឿងត្រឹមត្រូវដើម្បីកម្ចាត់ពួកបះបោររ៉ូហ៊ីងយ៉ា បន្ទាប់ពីមានការវាយប្រហារសម្លាប់កងសន្តិសុខចំនួន ១២នាក់។ សវនាការនេះធ្វើឡើងបន្ទាប់ពីប្រទេសហ្គាំប៊ី បានដាក់ពាក្យប្តឹងចោទប្រកាន់មីយ៉ាន់ម៉ាថា បានរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ ៕